(ភ្នំពេញ)៖ លោក ជួន សុធី អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានថ្លែងថា ព្រឹទ្ធសភា លើកទឹកចិត្ត និងបន្តផ្តល់ការគាំទ្រចំពោះការរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីចំណងមិត្តភាពកម្ពុជា-ចិន។

លោកថ្លែងបែបនេះ ក្នុងពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប ១០ឆ្នាំនៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជានិងចិន និងកិច្ចសំណេះសំណាលជាមួយ «ប្រិយមិត្ត» អបអរសាទរខួបគម្រប់ ១៥ឆ្នាំ
នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន នៅសាលបណ្ណាល័យព្រឹទ្ធសភា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

បើតាមលោក ជួន សុធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីអគ្គលេខាធិការព្រឹទ្ធសភា និងសហការពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប១០ឆ្នាំ នៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជានិងចិន និងកិច្ចសំណេះសំណាលជាមួយ«ប្រិយមិត្ត» អបអរសាទរខួបគម្រប់១៥ឆ្នាំ នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិននាពេលនេះ គឺពិតជាផ្តល់អត្ថន័យយ៉ាងធំធេង ក្នុងការចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិនកាន់តែស៊ីជម្រៅ រឹងមាំ និងស្ថិតស្ថេរយូរអង្វែង តាមរយៈការបង្ហាញពីការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត ពោលគឺពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅជាមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»

«អគ្គលេខាធិការព្រឹទ្ធសភាតែងតែផ្តល់ការគាំទ្រ ក្នុងការសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន រៀបចំព្រឹត្តិការណ៍រួមគ្នា នាពេលកន្លងមក។ ជាក់ស្តែង មានសិក្ខាសាលាចំនួនពីររួចមកហើយ ដែលព្រឹទ្ធសភាបានសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន រៀបចំដោយជោគជ័យ។ ក្នុងន័យនេះ ព្រឹទ្ធសភាសូមលើកទឹកចិត្ត និងបន្តផ្តល់ការគាំទ្រចំពោះការរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីចំណងមិត្តភាពកម្ពុជា-ចិន ហើយខ្ញុំបាទក៏សង្ឃឹមថា បងប្អូនអ្នកសារព័ត៌មាននឹងជួយគាំទ្រ ក្នុងការផ្សព្វផ្សាយ កាន់តែទូលំទូលាយបន្ថែមទៀត»។ នេះជាការថ្លែងរបស់លោក ជួន សុធី។

លោកបន្ថែមថា តាមរយៈការពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប១០ឆ្នាំ នៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជានិងចិន នាពេលនេះ លោកសង្ឃឹមជឿជាក់ថា ជាពេលវេលាមួយដ៏ល្អ ក្នុងការស្វែងយល់កាន់តែស៊ីជម្រៅអំពីសមិទ្ធផលជាច្រើន ដែលកម្ពុជាទទួលបានតាមរយៈការគាំទ្រ គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping មានដូចជា ផ្លូវល្បឿនលឿន ពហុកីឡដ្ឋានជាតិមរតកតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានកាត់ទន្លេ ជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគម្រោងសំខាន់ៗមួយចំនួនទៀត ដែលបានបង្ហាញជូនតាមរយៈកម្រងរូបទាំងអស់នេះ។

ជាមួយគ្នានេះ កញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ បានថ្លែងថា ខែឧសភា ឆ្នាំនេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គមលើកទី៣២ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាគម្រោងជាគំរូមួយក្នុងការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ រវាងកម្ពុជានិងចិន។ មុនពេលរៀបចំពិធីបើក សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានទទួលកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន ដោយសម្ដេចបានវាយតម្លៃថា «សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជាចិនបានបង្កើតឡើងនៅគ្រប់វិស័យ»

បើតាមកញ្ញា Yao Shiya ឆ្នាំនេះក៏ជាខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវការួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។ កម្ពុជាមានផ្លូវជាតិដែលមានបួនគន្លងទីមួយ មានរោងចក្រស៊ីម៉ង់ត៍ទីមួយ មានរោងចក្រអគ្គិសនីដើរដោយចំហេះទីមួយ មានស្ថានីយវារីអគ្គិសនីទ្រង់ទ្រាយធំជាងគេ មានផ្លូវល្បឿនលឿនទីមួយ មានអាកាសយានដ្ឋានដែលវិនិយោគដំណើរការដោយសហគ្រាសចិននៅកម្ពុជាទីមួយ រហូតមកដល់ពេលនេះ ប្រទេសចិនបានកសាងផ្លូវលើសពីបីពាន់គីឡូម៉ែតនៅក្នុងប្រទេសកម្ពុជា បានកសាងគម្រោងធនធានទឹកស្រោចស្រពផ្ទៃដីរហូតដល់៤៥.៦ម៉ឺនហិចតា និងបានកសាងខ្សែកាបបញ្ជូនអគ្គិសនីនៃបណ្ដាញអគ្គិសនីជាតិ និង បណ្ដាញអគ្គិសនីជនបទប្រវែងរហូតដល់ជាង៨ពាន់គីឡូម៉ែត។

កញ្ញា បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ នៅមានអង្ករក្រអូប ចេកទន់ឆ្ងាញ់ ផ្លែមៀនស្រស់ៗ ត្រីប្រាគុណភាពខ្ពស់ និង កសិផលិតផលគុណភាពខ្ពស់របស់កម្ពុជាជាច្រើនទៀត ត្រូវបញ្ជូនទៅដល់កន្ត្រក និង តុអាហាររបស់ប្រជាជនចិន តាមរយៈការដឹកជញ្ជូន និង វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។ ប្រទេសចិន បានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជារយៈពេល១១ឆ្នាំជាប់ៗគ្នា៕