(ភ្នំពេញ)៖ បេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង៩រូប ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តក្នុងកិច្ចប្រជុំនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ខណៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ក្នុងកិច្ចប្រជុំពេញអង្គ។

ក្បាលម៉ាស៊ីនគ.ជ.បថ្មីនេះ មានការស្នើផ្លាស់ប្តូរថ្មីចំនួន៤រូប ដែលរួមមានដូចជា៖ លោក ប្រាជ្ញ ចន្ទ ប្រធាន, លោក ជឺ ចំណាន អនុប្រធាន, លោក មាន សទិ សមាជិក, លោក ឌឹម សុវណ្ណារុំ សមាជិក, លោក សោម សូរីដា សមាជិក, លោក ហេង ស៊ីឡេង សមាជិក, លោក យិច សមិទ្ធិ សមាជិក, លោក ហ៊ែល សារ៉ាត់ សមាជិក និងលោក ហង្ស ពុទ្ធា សមាជិក។

យោងទៅតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសមាសភាពក្បាលម៉ាស៊ីនគ.ជ.បទាំង៩រូប គឺ ៤ រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល (ដែលបច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ ១២០ អាសនៈ) និង ៤ រូបត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមជាមួយរដ្ឋាភិបាល (គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានឈ្នះ ៥ អាសនៈ) ខណៈដែលសមាជិកគ.ជ.ប ១ រូបទៀត ត្រូវជ្រើសរើសដោយការព្រមព្រៀងរវាងគណបក្សទាំងពីរ។

អង្គប្រជុំអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹក ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ទាំង៩រូបខាងលើ៕