(ភ្នំពេញ)៖ ពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប ១០ឆ្នាំនៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជានិងចិន និងកិច្ចសំណេះសំណាលជាមួយ «ប្រិយមិត្ត» អបអរសាទរខួបគម្រប់ ១៥ឆ្នាំ នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានធ្វើឡើង នៅសាលបណ្ណាល័យព្រឹទ្ធសភា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន និងសហការរៀបចំដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
កម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ជួន សុធី អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក៏ដូចជាមានការចូលរួមពីមន្ត្រីនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងនិស្សិតជាច្រើនរូប។
ក្នុងឱកាសនោះ លោក ជួន សុធី បានថ្លែងថា តាងនាមឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមជាភាគីម្ចាស់ផ្ទះ លោកសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះវិទ្យុមិត្តភាពកម្ពុជាចិន ដែលមានគំនិតផ្ដួចផ្តើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប១០ឆ្នាំ នៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»រវាងកម្ពុជានិង ចិន និងកិច្ចសំណេះសំណាលជាមួយ «ប្រិយមិត្ត» អបអរសាទរខួបគម្រប់១៥ឆ្នាំ នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន ក្នុងបរិយាកាសប្រកបដោយអត្ថន័យយ៉ាងធំធេង នាពេលនេះ។
លោក ជួន សុធី បានបន្តទៀតថា ដូចដែលគេបានដឹងទាំងអស់គ្នាហើយថា ឆ្នាំ២០២៣នេះគឺជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបគម្រប់ ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងកាទូតជាផ្លូវការ រវាងប្រទេសទាំងពីរ។ អ្វីដែលកាន់តែពិសេសផងដែរនោះ ឆ្នាំ២០២៣ ក៏ជាខួប១០ឆ្នាំ នៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងកម្ពុជានិងចិន។
លោកបានបញ្ជាក់ដែរថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីអគ្គលេខាធិការព្រឹទ្ធសភា និងសហការពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប១០ឆ្នាំ នៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជានិងចិន និងកិច្ចសំណេះសំណាលជាមួយ «ប្រិយមិត្ត» អបអរសាទរខួបគម្រប់១៥ឆ្នាំ នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិននាពេលនេះ គឺពិតជាផ្តល់អត្ថន័យយ៉ាងធំធេង ក្នុងការចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិនកាន់តែស៊ីជម្រៅ រឹងមាំ និងស្ថិតស្ថេរយូរអង្វែង តាមរយៈការបង្ហាញពីការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត ពោលគឺពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅជាមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
អគ្គលេខាធិការព្រឹទ្ធសភាតែងតែផ្តល់ការគាំទ្រ ក្នុងការសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន រៀបចំព្រឹត្តិការណ៍រួមគ្នា នាពេលកន្លងមក។ ជាក់ស្តែង មានសិក្ខាសាលាចំនួនពីររួចមកហើយ ដែលព្រឹទ្ធសភាបានសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន រៀបចំដោយជោគជ័យ។ ក្នុងន័យនេះ ព្រឹទ្ធសភា បានលើកទឹកចិត្ត និងបន្តផ្តល់ការគាំទ្រចំពោះការរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីចំណងមិត្តភាពកម្ពុជា-ចិន ហើយលោកក៏សង្ឃឹមថា អ្នកសារព័ត៌មាននឹងជួយគាំទ្រ ក្នុងការផ្សព្វផ្សាយ កាន់តែទូលំទូលាយបន្ថែមទៀត។
ក្នុងឱកាសនោះដែរ កញ្ញា Yao Shiya បានថ្លែងថា តំណាងឱ្យវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កញ្ញាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះព្រឹទ្ធសភាកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំកម្មវិធីលើកនេះ។
កញ្ញា បានបន្តថា ១៥ឆ្នាំមកនេះ វិទ្យុមិត្តភាពកម្ពុជាចិនបាន និងកំពុងប្រកាន់ខ្ជាប់នូវការអនុវត្តកាតព្វកិច្ចប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាសាក្សី និង កត់ត្រាទុកនូវរឿងរ៉ាវមិត្តភាពដ៏ពិតប្រាកដរវាងកម្ពុជានិងចិន មួយហើយមួយទៀត ព្រមទាំង គម្រោងអភិវឌ្ឍន៍សម័យកាលដ៏អស្ចារ្យ។ អនាគត ពួកយើងនឹងបន្តប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មី បន្តធ្វើឱ្យបែបបទខ្លឹមសារកម្មវិធីកាន់តែសម្បូរបែប ខិតខំជំរុញទំនាក់ទំនងវប្បធម៌មនុស្សសាស្ត្រ ប្រឹងប្រែងបង្កើតជាកម្មវិធីដែលប្រជាជនប្រទេសទាំងពីរកម្ពុជាចិនចងចាំបាន ចូលចិត្តទស្សនា និង រក្សាទុក។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានអះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ទើបមានអាយុកាល ១០ឆ្នាំមែន តែគំនិតនេះស្នងផ្លូវសូត្រចិន ដែលកើតឡើងតាំងពីសតវត្សរ៍ទី១ ដែលមានអាយុកាល ២០០០ឆ្នាំ។ «ខ្សែក្រវាត់ និងផ្លូវ» ជាគោលនយោបាយយុទ្ធសាស្រ្ត ដែលបានដាក់ចេញដោយរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដោយផ្តោតលើការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមប្រទេសនានា រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយប្រទេសនៅតំបន់។ គោលនយោបាយយុទ្ធសាស្រ្តនេះ ត្រូវបានចាប់ផ្តើមផ្សព្វផ្សាយពីប្រទេសមួយទៅប្រទេសមួយ ជាពិសេសប្រទេសដែលមានទំនាក់ទំនងល្អជាមួយចិន។
អត្ថន័យ «ខ្សែក្រវាត់ និងផ្លូវរបស់ចិន» បានបង្ហាញថា ចិនមានបំណងបង្កើតប្រវត្តិសាស្ត្រថ្មី តាមរយៈគម្រោតកសាងខ្សែក្រវាត់ និងផ្លូវ ដោយទម្លុះរនាំងឧបសគ្គ និងកសាងផ្តូវតភ្ជាប់គ្នាទាំងលើគោក និងឆ្លងកាត់សមុទ្រ ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍ និងទទួលបានវិបុលភាព ដែលពិភពលោកតែងតែសុបិន្តចង់បាន៕