(ក្រចេះ)៖ ទីតាំងភ្នាល់បាល់ និងចាក់កន្ទុយលេខ ព្រមទាំងទីតាំងលេងហ្គេម ជាច្រើនកន្លែងស្ថិតនៅជុំវិញផ្សារក្រចេះ និងផ្សារអូរឬស្សី ក្រុងក្រចេះ កំពុងតែកើតមានឡើងយ៉ាងព្រោងព្រាត ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបនោះទេ។ នេះបើយោងតាមប្រជាពលរដ្ឋ នៅទីរួមខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសុំឲ្យជួយចុះផ្សាយផង។
ប្រជាពលរដ្ឋដដែលបានឲ្យដឹងថា «ទីតាំងកត់បាល់មានជាច្រើនកន្លែង ដោយប្រើរូបភាពលួចកត់ក្នុងផ្ទះលក់ឥវ៉ាន់ចាប់ហួយ ផ្ទះយីហោលក់ទូរស័ព្ទ និងផ្ទះលក់គ្រឿងសង្ហារឹម ធ្វើអំពីឈើដែលចាក់បាល់តាមក្រដាស និងតាមម៉ាស៊ីន បានយ៉ាងរលូនដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរណាទៅរំខានឡើយ»។
បើតាមប្រជាពលរដ្ឋទាំងនេះ ចំណែកទីតាំងហ្គេមបាញ់ត្រីវិញ គេឃើញមាននៅជិតសាសាបឋមសិក្សា ហ៊ុន សែន អូរឬស្សី១ ស្ថិតនៅអូរឬស្សី១ សង្កាត់អូរឬស្សីក្រុងក្រចេះ និងនៅផ្សារអូរឬស្សី មានហ្គេមបាញ់ត្រីមួយកន្លែងដែរ។
ពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភណ៍យ៉ាងខ្លាំងចំពោះល្បែងស៊ីសង ដែលរីកដុះដាលដូចផ្សិតរបៀបនេះ ហើយថា «ភាពអសន្តិសុខនិងកើតមានឡើងដូចជា ចោរ លួច ឬប្លន់ ដោយសារល្បែងស៊ីសងទាំងនេះ»។
ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាចុះត្រួតពិនិត្យ និងបើកប្រតិបត្តការបង្ក្រាបទីតាំងភ្នាល់បាល់ ហ្គេមទាំងនេះផង បើបណ្ដោយឲ្យមានហ្គេមនៅជិតសាលារៀនរបៀបនេះ ក្មេងៗពិតជាវក់មិនចូលរៀននោះទេ៕