(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ)។

អនុក្រឹត្យស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) ដែលចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានបង្កើតឡើងដើម្បីបញ្ជាដឹកនាំកិច្ចការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់នីតិកាល។

អនុក្រឹត្យស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) មានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៤រូប ក្នុងនោះរួមមាន ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ព្រមទាំងសមាជិកដែលសុទ្ធសឹងជាប្រធានអង្គភាព ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។

ដោយឡែក សម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) ត្រូវបានបង្កើតឡើងដោយ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធាន អមដោយអនុប្រធាន ចំនួន៦រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។

លេខាធិការដ្ឋាននៃ គ.ស.អ មានតួនាទីជាសេនាធិការជូន គ.ស.អ និងមានភារកិច្ចដូចតទៅ៖

* តាមដាន ត្រួតពិនិត្យក្នុងការអនុវត្តច្បាប់របស់យន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងភ្នាក់ងារ សន្តិសុខបោះឆ្នោត អនុលោមតាមផែនការអន្តរស្ថាប័ន រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

* ផ្សព្វផ្សាយផែនការ ផែនការសកម្មភាព បទបញ្ជា និងសេចក្ដីណែនាំផ្សេងៗ ស្ដីពីកិច្ចការពារ សន្តិសុខបោះឆ្នោត ដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិសេសយន្តការ រចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោត និងភ្នាក់ងារសន្តិសុខបោះឆ្នោត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីជ្រួតជ្រាប និងសហការអនុវត្ត

* ប្រមូលផ្តុំព័ត៌មានជាប្រចាំ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោតពីបណ្តាក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ យន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ដោយត្រូវធ្វើរបាយការណ៍ ជូនប្រធាន គ.ស.អ និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា

* តាមដានរាល់ហេតុការណ៍ ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធដល់សភាពការណ៍សន្តិសុខនៃកិច្ចដំណើរ ការបោះឆ្នោត និងព័ត៌មានពីគ្រប់ប្រភព ដែលមានផលប៉ះពាល់ដល់បរិយាកាសសន្តិសុខ នៃកិច្ចដំណើរការបោះឆ្នោត ដើម្បីធ្វើការបកស្រាយ បំភ្លឺ ប្រតិកម្ម វាយបកបន្សាបឥទ្ធិពលព័ត៌មានដែលបំពុលបរិយាកាស សន្តិសុខបោះឆ្នោត។ ក្នុងករណីធ្ងន់ធ្ងរត្រូវលើកយោបល់សុំគោលការណ៍ពី ប្រធាន គ.ស.អ ដើម្បីចាត់ វិធានការច្បាប់

* រៀបចំសន្និបាត ឬកិច្ចប្រជុំរបស់ គ.ស.អ ដោយត្រូវធ្វើលិខិតអញ្ជើញគ្រប់សមាសភាព និងភាគី ពាក់ព័ន្ធដើម្បីចូលរួម ផ្អែកតាមគោលការណ៍ប្រធាន គ.ស.អ

* លើកគម្រោងសុំថវិកាសម្រាប់ការបណ្តុះបណ្តាល បំប៉នជំនាញដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ថវិកាសម្រាប់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈសម្រាប់មធ្យោបាយប្រើប្រាស់ ឬការទិញសម្ភារ បរិក្ខារចាំបាច់បម្រើ ឲ្យកិច្ចការសន្តិសុខបោះឆ្នោត ដើម្បីដាក់ជូនប្រធាន គ.ស.អ ពិនិត្យ និងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល

* ធ្វើរបាយការណ៍ជុំវិញសភាពការណ៍សន្តិសុខបោះឆ្នោត និងសកម្មភាពការងាររបស់យន្តការ រចនាសម្ព័ន្ធ និងភ្នាក់ងារសន្តិសុខបោះឆ្នោត បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតត្រូវបានបញ្ចប់។ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ជាបន្ទាន់ជូនប្រធាន គ.ស.អ ដើម្បី ដាក់ជូនរាជរដ្ឋាភិបាលជ្រាប៕