(ហាណូយ)៖ លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ការអបអរសាទររបស់លោកនាយករដ្ឋមន្ត្រីវៀតណាម បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អំឡុងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល០២ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ លោក ផាម មិញជិញ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។

លោកក៏បានសម្តែងនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសនេះ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាមផងដែរ៕