(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣នៅសាលប្រជុំរបស់ គ.ជ.ប។

បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

ទី១៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សឆន្ទៈខ្មែរ ដែលមាន៨ ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

២៖ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សកម្លាំងជាតិ ដែលមាន៨ ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស-តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៣៖ ចេញលិខិតជូនដំណឹងទៅគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត។ ខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែម មានដូចខាងក្រោម៖

*សេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមមានទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។
*បង្កាន់ដៃបង់ប្រាក់តម្កល់ ចំនួន ១៥,០០០,០០០រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។

៤៖ ក្នុងរបៀបវារៈផ្សេងៗ ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប សម្រេចឱ្យនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត អនុវត្តតាមសេចក្តីសម្រេចស្ថាពរ ចំនួន៩ របស់ក្រុមប្រឹក្សាឃុំ ចំនួន៦ នៃខេត្តកំពង់ស្ពឺ ដែលសម្រេចរក្សាទុកឈ្មោះ ចំនួន១ បណ្តឹង និងសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ ចំនួន ៨បណ្តឹង។

៥៖ ឯកភាពលើរូបភាពស្ប៉តវីដេអូអប់រំរឿង ចំនួន១ រឿង សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

យោងតាមប្រតិទិននៃការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕