(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ តំណាងសមាគមសម្ព័ន្ធខ្មែរចិន ក្នុងសន្និសីទផ្សព្វផ្សាយនៅប្រទេសកម្ពុជា អំពីពិព័រណ៍ការអភិវឌ្ឍបៃតង (អន្តរជាតិ) ហ៊ូណាន ២០២៤ បានថ្លែងថា ខេត្តហ៊ូណាន របស់ប្រទេសចិន និងប្រទេសកម្ពុជា ​មានការជួយគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងទស្សនវិស័យទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ និងសក្តានុពលដ៏ធំ។

សន្និសីទផ្សព្វផ្សាយនៅប្រទេសកម្ពុជា អំពីពិព័រណ៍ការអភិវឌ្ឍបៃតង (អន្តរជាតិ) ហ៊ូណាន ២០២៤ ក៏មានការចូលរួមពី លោក FU DAN ZHOU អនុប្រធានសមាគមជំរុញកិច្ចការពាណិជ្ជកម្មអន្តរជាតិ ប្រចាំខេត្ត ហ៊ូណាន, លោក CHEN WEIMING ប្រធានផ្នែកកិច្ចការពាណិជ្ជកម្ម និងវិនិយោគិន សមាគមជំរុញកិច្ចការពាណិជ្ជកម្មអន្តរជាតិ ប្រចាំខេត្តហ៊ូណាន, លោក ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង, លោក WU GUANGHUA ប្រធានសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំនៅកម្ពុជា និងអ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានថ្លែងបន្តថា ខេត្តហ៊ូណាន មិនត្រឹមតែជាខេត្តកសិកម្មធំប៉ុណ្ណោះទេ ប៉ុន្តែខេត្តផលិតកម្មដ៏សំខាន់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតផលល្បីៗ ជាច្រើននៅក្នុងខេត្តហ៊ូណាន បានបន្តទៅកាន់ក្រៅប្រទេស បានបង្កើតកេរិ៍ឈ្មោះរបស់ប្រទេសចិន និងកាន់កាប់តំណែងដ៏សំខាន់មួយ នៅក្នុងពិភពលោក។ ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដ៏សំខាន់ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ កម្ពុជា គឺជាប្រទេសដ៏សំខាន់មួយ ក្នុងការកសាងរួមគ្នានៃ «ផ្លូវ និងខ្សែក្រវាត់»។

អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ហ៊ូណាន និងកម្ពុជា​មានការជួយគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងទស្សនវិស័យទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ និងសក្តានុពលដ៏ធំ។ ក្រុមហ៊ុនហ៊ូណាន កាន់តែច្រើនឡើង កំពុងផ្តោតការយកចិត្តទុកដាក់លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើប្រទេសកម្ពុជា»។

អ្នកឧកញ៉ា បាបន្ថែមថា ពិព័រណ៍ឧស្សាហកម្មបៃតង ហ៊ូណាន (អន្តរជាតិ) ២០២៤ នឹងខិតខំបង្កើតវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលបង្ហាញពីការអភិវឌ្ឍបៃតង ភាពជាអ្នកដឹកនាំច្នៃប្រឌិត កិច្ចសហប្រតិបត្តិការបើកទូលាយ និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក៕