(ភ្នំពេញ)៖ រាជធានីប៉េកាំង និងរាជធានីភ្នំពេញ នឹងចង Media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកើនឡើង។

ការថ្លែងលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមរវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំង នៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានរម្លឹកថា ភ្នំពេញជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិដោយសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា​ បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈម ក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមសំណល់រឹង។

លោកថា ភ្នំពេញពីមុនមានតែប្រជាពលរដ្ឋរស់នៅ៣០ម៉ឺននាក់ តែមកដល់ពេលនេះ ដោយមានការរីកចម្រើន ធ្វើឲ្យភ្នំពេញមានកំណើនប្រជាពលរដ្ឋរហូតដល់ជាង៣លាននាក់ ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ទំនងប្រទេសចិន និងកម្ពុជាជាទំនាក់ទំនងមិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ។ សូមមិត្តចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗ ព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ចិន ឲ្យមកដើរលេងកំសាន្តនៅកម្ពុជា។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ នឹងធ្វើឲ្យភ្ញៀវទេសចរណ៍ចិន មានកំណើនថែមទៀត»

លោកអភិបាលរាជធានីភ្នំពេញ ថ្លែងបញ្ជាក់ទៀតថា ប្រទេសកម្ពុជា និងប្រទេសចិន ពិសេសគឺទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ នឹងចងជាគណី Media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកើនឡើង។

នៅរាជធានីភ្នំពេញ មានមហាវិថីមួយឈ្នោះ ម៉ៅ សេទុង ហើយស្ថានទូតចិន ក៏ទីតាំងនៅលើមហាវិថី ម៉ៅ សេទុង ផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ចង់ឱ្យទីក្រុងប៉េងកាំង រួមចំណែក ក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាត់ផ្លូវម៉ៅសេទុងនេះ ឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានស្នើភាគីទីក្រុងប៉េកាំង សូមជួយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ បានទៅសិក្សារៀនសូត្រ នៅទីក្រុងប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយ មានការបណ្ដុះបណ្ដាលធនធាន មនុស្សបានល្អ និងស្នើឲ្យលោក លូ យ៉ាន ពិភាក្សាជាមួយអភិបាលទីក្រុងប៉េកាំង លើបញ្ហាទាំង២នេះ។

លោក លូ យ៉ាន (Mr. Lu Yan) ក៏បានលើកឡើងថា ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ មានបញ្ហាប្រឈមដូចគ្នា ទៅលើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាម សំណល់រឹង។ រាជធានីភ្នំពេញ និងទីក្រុងប៉េកាំង បានចងសម្ព័ន្ធមេត្រីភាពគ្នា ប្រមាណ៥ឆ្នាំហើយ។ ការជួបពិភាក្សាការងារសម្ដែងការគួរសម នៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អ និងយូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនង ដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឲ្យចំណងមិត្តភាពកាន់តែរឹងមាំនិងកាន់តែជ្រៅជ្រះ។

នាឱកាសនោះលោក លូ យ៉ាន ក៏បានអញ្ជើញប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងនៅពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញ ជាទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ ពង្រឹងការផ្លាស់ប្ដូរមនុស្សធម៌បន្តវេនទៅយុវជន ការផ្លាស់ប្ដូរវប្បធម៌ រវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ និងចង់បង្កើតនៅគណីយមេឌា លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញ៕