(កំពង់ស្ពឺ)៖ លោក អ៉ីវ សារិន អតីតសិស្សនៃវិទ្យាល័យកំពង់ស្ពឺកំឡុងឆ្នាំ១៩៩៨ ដែលបច្ចុប្បន្នបានក្លាយជានាយកគ្រប់គ្រងក្រុមហ៊ុនប៊ីចេង និងម្សៅស៊ុប ឆេហ្វ៥៥ ដោយលោកនឹកឃើញពីអតីតកាលកន្លងមក ដែលធ្លាប់រៀនក្នុងវិទ្យាល័យខេត្តកំពង់ស្ពឺ រំលឹកដល់ការៀនសូត្រ ក៏សម្រេចបរិច្ចាគនាំអំណោយជាថវិកា និងសម្ភារនាំមកប្រគល់ជូនសិស្សដែលបានប្រឹងប្រែងរៀនសូត្ររហូតប្រឡងបានជាប់និទ្ទេស A ចំនួន ១៧នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីអប់រំខេត្តកំពង់ស្ពឺ។

លោក អ៉ីវ សារិន នាយកគ្រប់គ្រងក្រុមហ៊ុនប៊ីចេង និងម្សៅស៊ុប ឆេហ្វ៥៥ បានថ្លែងលើកឡើងថា ថ្ងៃនេះរូបលោកពិតជាមានមោទកភាពចំពោះសិស្សនិទ្ទេស A ទាំងអស់ ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ តាមសាលាផ្សេងៗ ដែលបានប្រឹងប្រែងរៀនសូត្ររហូតបានទទួលលទ្ធផលដ៏ល្អ ទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះការរៀតសូត្ររបស់ប្អូនៗ។

លោក អ៉ីវ សារិន បានបន្តថា ពីមួយជំនាន់ទៅមួយជំនាន់ក្នុងនាមពួកយើងជាអ្នករស់នៅក្នុងខេត្តកំពង់ស្ពឺ ជាខេត្តអតីតក្រលំបាកជាងគេ ហើយក៏ជាតំបន់សមភូមិចុងនៃរបបខ្មែរក្រហម មុនពេលមាននយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រកបានដោយលំបាក កាលនោះពួកយើងទាំងអស់គ្នាបានខិតខំទាំងលំបាកដើម្បីបានរៀនសូត្រក្នុងភាពជាសិស្សក្រីក្របំផុត រហូតបានក្លាយទៅជាសិស្សនិទ្ទេស A ជាក់ស្តែងដូចជារូបខ្ញុំនាពេលនេះ។

លោក អ៉ីវ សារិន បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះទៅក្នុងនាមជាសិស្សច្បងសូមអំពាវនាវឲ្យប្អូនជំនាន់ក្រោយបន្តកិច្ចខិតខំពុះពារៀនសូត្រជម្នះគ្រប់ឧបស័ក្ក រៀនសូត្រដើម្បីតស៊ូប្តេជ្ញាយកចំណេះដឹងសម្រាប់បម្រើឲ្យផល ប្រយោជន៍សង្គមជាតិ និងគ្រួសារយើងឲ្យបានរីកចម្រើន និង រួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងពេលប្រទេសមានសន្តិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍន៍គ្រប់វិស័យ និងជាសម័យបច្ចេកវិជ្ជាដ៏ទនើបផងដែរ៕