(ម៉ានីល)៖ តាមរបាយការណ៍របស់ប៉ូលិសជាតិហ្វីលីពីន នៅថ្ងៃចន្ទនេះឲ្យដឹងថា នៅក្នុងសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្ម និងគ្រឿងញៀនរយៈពេល ៥០ថ្ងៃមកនេះ បានបណ្តាលឲ្យមនុស្សស្លាប់ ១,៨០០នាក់ហើយ ខណៈដែលពេញ មួយ សប្តាហ៍ចុងក្រោយនេះលោក Duterte បានបង្កទំនាស់ពាក្យសម្តីយ៉ាងខ្លាំង ជាមួយមន្ត្រីជាន់ខ្ពស់អង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងគំរាមចាកចេញពីស្ថាប័នអាយុ ៧១ឆ្នាំនេះទៀតផង។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងសន្និសីទកាសែតនាយប់ថ្ងៃអាទិត្យ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការរិះគន់មិនសម្ចៃ មាត់ថែមទៀត ទៅលើទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ហើយលោកថែមទាំងបាន អំពាវនាវឲ្យ ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត រៀបចំវេទិកាមួយឆ្លើយតបទៅនឹង ភាពបរាជ័យរបស់ទទីភ្នាក់ងារយូអិន ខាងលើនេះ ដែលមិនបានបំពេញ ទៅតាមកតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវទៀតផង។
បន្ថែមពីលើនេះទៀត អ្វីដែលគេមិនធ្លាប់បានឮពីមុនមកនោះ គឺលោក Duterte បានព្រមានថា ហ្វីលីពីននឹងដើរចេញពី អង្គការសហប្រជាជាតិ និងគ្រោងអំពាវនាវឲ្យប្រទេសចិន និងបណ្តាប្រទេស ដទៃទៀត រៀបចំបង្កើតវេទិកាសកល ឬអង្គការអន្តរជាតិថ្មីមួយ ក្រៅពី UN ថែមទៀតផង។ ទោះបីជាបែបនេះក្តីលោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay បានបកស្រាយនៅថ្ងៃចន្ទនេះថា ហ្វីលីពីន នឹងនៅតែជាសមាជិក UN ជានិច្ច ហើយសម្រាប់ការលើកឡើង របស់លោក Dutert នោះវាគ្រាន់តែជាការបង្ហាញការ «ខកចិត្តយ៉ាងជ្រាលជ្រៅ» ផ្ទាល់ខ្លួនលោកតែប៉ុណ្ណោះ៕