(កែប)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហប្រតិបត្តិការជាមួយអង្គការ KCSC និងសាកលវិទ្យាល័យស៊ូនឈុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន៤,៣៨២នាក់ រស់នៅស្រុកដំណាក់ចង្អើ ខេត្តកែប។
សកម្មភាពសប្បុរសធម៌នេះ ត្រូវបានដឹកនាំដោយ លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងមានការចូលរួមពីអង្គការ អាជ្ញាធរមូលដ្ឋានស្រុក និងខេត្ត យុវជន ស្ថាប័នពាក់ព័ន្ធ និង ប្រជាពលរដ្ឋជាច្រើននាក់ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា សកម្មភាពសប្បុរសធម៌នេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល និងជាការចូលរួម លើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។
លោក កែន សត្ថា អភិបាលខេត្តកែប បានឱ្យដឹងដែរថា ជាកិត្តិយសសម្រាប់រដ្ឋបាលខេត្តកែប និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានទទួលការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តយទុកដាក់ គិតគូរជាប់ជានិច្ច ពីសុខទុក្ខប្រជាពលរដ្ឋ និងបានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខសាន្ត និងការអភិវឌ្ឍនៅទូទាំងប្រទេស, ជាក់ស្ដែង សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងស្រុកដំណាក់ចង្អើនេះ។ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការបម្រើប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យនៃសាធារណរដ្ឋកូរ៉េ លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោទាំងអស់ ដែលបានចុះពិនិត្យព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋដោយគិតថ្លៃ ក្នុងខេត្តកែបនេះ។
ក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាល បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់លោក ហ៊ុន ម៉ាណែត និងក្រុមការងារ។
ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តកែបនេះ មានដូចជាបានពិនិត្យព្យាបាលជំងឺទូទៅ, វះកាត់កម្រិតស្រាល, ព្យាបាលជំងឺមាត់ធ្មេញ, ព្យាបាលច្រមុះ បំពង់ក, ពិនិត្យអេកូបេះដូង, រោគស្ត្រី, ពិនិត្យអេកូស្ត្រីមានផ្ទៃពោះ និងព្យាបាលឫសដូងបាត ព្រមទាំងបានបញ្ជូនករណីធ្ងន់ធ្ងរទៅព្យាបាលបន្តសរុបទាំងអស់ ចំនួន៤,៣៨២នាក់។
សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានចុះធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តកែបនេះ ម្ដងរួចមកហើយ ដោយបានជួយព្យាបាលអ្នកជំងឺសើរស្បែកធ្ងន់ធ្ងរ ព្រមទាំងផ្តល់ថវិកា គ្រឿងឧបភោគបរិភោគ និងសកម្មភាពផ្សេងៗទៀត ផងដែរ។ លើសពីនេះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងក្រុមការងារ បានកសាង និងប្រគល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកដំណាក់ចង្អើ សម្រាប់ប្រើប្រាស់នៅរដូវប្រាំងផងដែរ៕