(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជិត១គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ, ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់ Fresh News ថា ការបង្ក្រាបករណីជួញដូរគ្រឿងនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖ ១. ឈ្មោះ បឿន សុខលាភ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ, ២. ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ និង៣. ឈ្មោះ សុវណ្ណ រាជ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។ ចំណែកវត្ថុតាង និងសម្ភារចាប់យកបានរួមមាន៖ ១.គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៥០.៩៧ក្រាម និង ២.គ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់៦.៨២ក្រាម។

ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

សូមជម្រាបថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំ ដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងឱ្យដល់ឫសគល់៕