(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ បានដឹកនាំក្រុមការងារ ចុះបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ មានប្រវែង១,៧០០ម៉ែត្រ ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋរាប់ពាន់ ដែលរស់នៅស្រុកបារាយណ៍ និងមួយផ្នែកនៃខេត្តកំពង់ចាម។
លោក ថោង ខុន បានថ្លែងថា ផ្លូវលំនេះជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរជាប្រចាំ ឆ្លងកាត់តាមភូមិទួលអំពិល, ភូមិឧទុម្ពរ, ភូមិស្នួល, ភូមិគគរ, ភូមិបុស្សល្វា, ភូមិទួលពភ្លា ដែលមានចំនួនប្រជាពលរដ្ឋសរុបប្រមាណ ៤,២០០នាក់ និងប្រជាពលរដ្ឋមួយចំនួនធំទៀត ដែលរស់នៅក្នុងឃុំស្រឡៅ, ឃុំទ្រៀល, ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ផ្លូវលំនេះលាតសន្ធឹងចាប់ពីផ្លូវជាតិលេខ 6A ដល់វត្តគុហ៍ព្រះធាតុ ស្ថិតក្នុងឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សូមជម្រាបថា សកម្មភាពដ៏មមាញឹកខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ជាង៤៥០នាក់ ហើយការជួសជុលផ្លូវលំនេះ បានប្រើប្រាស់គ្រឿងចក្រសម្តេចតេជោប្រចាំស្រុកបារាយណ៍ និងមានការចូលរួមឧបត្ថម្ភប្រេងឥន្ទនៈ ពីគណៈកម្មការវត្តគុហ៍ព្រះធាតុ និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ចុះជួយឃុំស្រឡៅ ផងដែរ៕