(ភ្នំពេញ)៖ ខណៈស្ថានភាពពិភពលោកមានការវិវឌ្ឍកាន់តែស្មុគស្មាញ ដែលលេចឡើងនូវសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងសង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទី និងអ៉ីស្រាអែលផងនោះ គណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចនៅកម្ពុជា បានអំពាវនាវដល់បណ្តារដ្ឋ និងភាគីជម្លោះតាមតំបន់នានា ឱ្យព្យាយាមរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។

ការអំពាវនាវ បានធ្វើចេញពីមហាស​ន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ នាថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣។

តាមសេចក្តីសម្រេចចិត្តនៃ មហាស​ន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ឲ្យដឹងថា មហាសន្និបាតបញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តជំរុញអនុវត្តយ៉ាងសកម្មនូវនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមសកម្មក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។ ព្រមជាមួយនេះ ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិកំពុងមានការវិវត្តដ៏ស្មុគស្មាញ ពិបាកប៉ាន់ស្មាននិងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹងជម្លោះនៅតាមតំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជាដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មនៃសង្គ្រាមដ៏រ៉ាំរ៉ៃ យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនត្រូវបាត់បង់សន្តិភាពហើយ ប្រជាជននឹងត្រូវបាត់បង់អ្វីទាំងអស់ ហើយសន្តិភាពមិនអាចនឹងបង្កើតបានដោយសង្គ្រាមឡើយ៕