(ភ្នំពេញ)៖ មហាស​ន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ៧ចំណុច ដែលត្រូវពុះពារអនុវត្តឱ្យបានសម្រេច នាពេលខាងមុខ។ នេះបើតាមសេចក្តីចិត្ត នៃមហាស​ន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រោយមហាសន្និបាត បានបិទបញ្ចប់។

ក្នុងមហាសន្និបាតរយៈពេល២ថ្ងៃ គណបក្សប្រជាជនកម្ពុជា បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោលនយោបាយ ក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវ ពុះពារអនុវត្តឱ្យបានសម្រេច រួមមាន ៖

* ពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត

* ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតមិនឱ្យជនណាមកបំពារបំពានបានឡើយ។ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើក- កម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ចូលរួមសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយគោរពម៉ឺងម៉ាត់តាម ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត

* បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការ អភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

* រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២៤ ឱ្យបានសម្រេច តាមការគ្រោងទុក លើមូលដ្ឋានប្រើប្រាស់ដោយឈ្លាសវៃនូវភាពអំណោយផលនានារបស់កម្ពុជា និងការជំរុញអនុវត្តនូវ យុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព

* បន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និង ចីរភាពហិរញ្ញវត្ថុ តាមស្មារតី “មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់" និងស្មារតីបុរេសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ដើម្បីធានាស្ថិរ ភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន

* បន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញការអភិវឌ្ឍធនធានមនុស្ស

* បន្តលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន លើកកម្ពស់ ការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កម្មករ និយោជិត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់អាជីវករ អ្នកលក់ដូរ និងអ្នកប្រកបរបររកស៊ីផ្សេងៗទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕