(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលក្នុងរយៈពេលដ៏ខ្លី នៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាព។
នេះបើតាមសេចក្តីចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រោយមហាសន្និបាត បានបិទបញ្ចប់។
មហាសន្និបាត បានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ជាមួយគ្នានេះ មហាសន្និបាតវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាលដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាពក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
សេចក្តីសម្រេចចិត្តបានបញ្ជាក់ទៀតថា លើមូលដ្ឋានតថភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការរៀបចំ កម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ។
សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូនេះ គណបក្សប្រជាជនកម្ពុជា ក៏បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតិ ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕