(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបនឹងការវាយប្រហារថា គណបក្សប្រជាជនកម្ពុជា បែកបាក់ផ្ទៃក្នុង។

ត្រង់ចំណុចនេះ លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានគណបក្សណា ឬមជ្ឈដ្ឋានខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុង គណបក្សប្រជាជនបានទេ»

ថ្លែងក្នុងសន្និសីទកាសែត បង្ហាញលទ្ធផល មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ លោកសុខ ឥសាន បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយញុះញង់ថា គណបក្សប្រជាជនកម្ពុជា មានការបែកបាក់ផ្ទៃក្នុង។

លោកបានលើកឡើងដូច្នេះថា៖ «រហូតដល់សម្តេចប្រធាន បានរំលេច និងកត់សម្គាល់ឃើញថា "គ្មានគណបក្សណា ឬមជ្ឈដ្ឋានកម្លាំងខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់គណបក្សប្រជាជនបានទេ»

អ្នកនាំពាក្យរូបនេះ បានរំលឹកថា តាំងពីការបង្កើតគណបក្សរហូតមកដល់ពេលនេះ មជ្ឈដ្ឋានក្រុមប្រឆាំងតែងប្រើឧបាយកលគ្រប់បែបយ៉ាង គ្រប់រូបភាព ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែរហូតមដកល់ពេលនេះ យើងឃើញទាំងអស់គ្នាហើយ គណបក្សប្រជាជនកាន់តែមានសក្តានុពល ហើយរឹងមាំថែមទៀត។

លោកបានបន្តទៀតថា៖ ត្រង់ចំណុចនេះហើយ ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ និងការជឿជាក់ ហើយបានប្រគល់ការជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាលទ្ធផល ធ្វើឱ្យគណបក្សឈ្នះផ្លូកទឹកផ្លូកដី៕