(ភ្នំពេញ)៖ នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំការងារសំខាន់៣ចំណុច។ នេះបើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាត នាយប់ថ្ងៃទី១០ ខែធ្នូនេះ។

លោក សុខ ឥសាន បានបញ្ជាក់ថា ការងារសំខាន់ចំពោះមុខ ដែលសម្តេចតេជោ ប្រធានគណបក្ស បានណែនាំដល់តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានោះរួមមាន៖

ទី១៖ រួមកម្លាំងគ្នាការងារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជា និរន្តរភាព នៃការងារសំខាន់ៗ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ បញ្ហាសំខាន់ គឺការពារឱ្យបាននូវឯកភាព អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសន្តិសុខសុវត្ថិភាពសង្គម។

ទី២៖ ខិតខំការពារឱ្យបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច ការពារឱ្យបាននូវស្ថិរភាពរូបិយវត្ថុរបស់កម្ពុជា ដែលទោះបីជាមានការជះឥទ្ធិពលពីខាងក្រៅ ប៉ុន្តែកម្ពុជា​ក៏បានខិតខំការពារប្រាក់រៀលរបស់ខ្លួនផងដែរ។

ទី៣៖ ខិតខំការពារនូវសមិទ្ធផលទាំងឡាយ ហើយពង្រឹងពង្រីកសមិទ្ធផលសង្គមជាតិ ឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ។

សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូនេះ គណបក្សប្រជាជនកម្ពុជា ក៏បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតិ ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងបន្ថែមសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន២៣រូបទៀត ដែលធ្វើឱ្យសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍កើនដល់៥៨រូប ព្រមទាំងបានបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៩៦រូប ដែលធ្វើឱ្យសមាជិកគណៈកម្មាធិការកណ្តាលកើនដល់១៣១២នាក់ផងដែរ៕