(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ដែលធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលប្រកបដោយជោគជ័យ​។

មហាសន្និបាតវិសាមញ្ញនេះ ធ្វើឡើងនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាតរួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្សដែលមានចំនួនសរុប ៣ ៦០០រូប។

នៅក្នុងមហាសន្និបាតនេះ គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតបន្ថែមសមាជិកថ្មីគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន២៣រូប និងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៩៦រូប ដែលធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កើនដល់ចំនួន១៣១២នាក់។ ជាមួយគ្នានេះ ក៏មានការបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលចំនួន៧រូបផងដែរ។

អង្គសន្និបាត បានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ២០២៤»។ មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើនទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្ដី។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមាន​ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ
ភាពវិជ្ជមាន។

នៅចុងបញ្ចប់នៃ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុចផងដែរ៕