(ភ្នំពេញ)៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ថា «បេក្ខជនដែលបានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកមិញនេះ នៅទូទាំងប្រទេសនោះ មានចំនួន៦នាក់ ដែលមានបញ្ហាសុខភាព ប៉ុន្ដែក្រោយពីបានសង្គ្រោះបឋមពីគ្រូពេទ្យរួចមក ក៏បានចូលប្រឡងវិញតាមធម្មតា»។
បន្ថែមពីនេះ លោក បានបញ្ជាក់ថា ការប្រឡងព្រឹកមិញនេះ មានដំណើរការទៅបានយ៉ាងល្អ ព្រោះតែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានសហការអនុវត្តតួនាទីរបស់ខ្លួន រៀងៗខ្លួន។ លោកបន្ដថា ជាពិសេសបេក្ខជន មានការយល់ដឹងមកប្រឡងដោយពុំមានសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិច នោះទេ ហើយមានតែតិចតួចបំផុត។
លោក បានឲ្យដឹងទៀតថា «នេះវាគូសបញ្ជាក់ឲ្យឃើញថា ដំណើរការប្រឡងនេះវិវត្តន៍ទៅមុខ ទៅរកប្រសិទ្ធិភាព គុណភាព នៃសមត្ថភាពយុវជនរបស់យើង ដែលអាចឈានទៅរកការប្រកួតប្រជែង ក្នុងការបន្ដទៅឧត្តមសិក្សា»។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បាននិងកំពុងប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងនោះបេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់ មានមណ្ឌលប្រឡង ១៥៧ ចែកចេញជា ៣,៧៨២ បន្ទប់ នៅរាជធានី-ខេត្តទាំង ២៥៕