(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ មានការបែកធ្លាយសំឡេងរបស់ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងថ្នាក់ដឹកនាំគណបក្សនេះ ២រូបទៀត តាមបណ្តាញសង្គម ដែលបានរិះគន់ ទៅកាន់គណបក្សភ្លើងទៀន និងមេដឹកនាំក្រុមប្រឆាំង ហើយថា លោក អេង ឆៃអ៊ាង ជាមនុស្សញៀនល្បែង មានបំណងចង់លក់អាសនៈ ទៅឱ្យគណបក្សកាន់អំណាច បើគណកប្សប្រឆាំងទទួលបាន។
ក្នុងសារសំឡេងដែលបែកធ្លាយនេះ លោក អ៊ូ ចាន់រ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា លេីកឡេីងថា លោក អេង ឆៃអ៊ាង មានចេតនាបង្កេីតជារូបភាពបែកបាក់ផ្ទៃក្នុង (បក្សភ្លេីងទៀន និងបក្សកម្លាំងជាតិ ដែលមាន ទណ្ឌិត សមរង្សុី នៅពីក្រោយ) ដេីម្បីអាចលក់កៅអីទៅគណបក្សកាន់អំណាច ហើយថាតាមតម្លៃនៃការដោះដូរកៅអីនេះយ៉ាងតិចក៏ ២ទៅ៣លានដុល្លារដែរ។ បន្ថែមពីនេះ លោកក៏បានរិះគន់ លោក អេង ឆៃអ៊ាង ជាមនុស្សញៀនល្បែង កុំថាឡេីយកៅអីព្រឹទ្ធសភា សូម្បីក្រុមគ្រួសារខ្លួនក៏ហ៊ានលក់ដែរ។
ក្រៅពី លោក អ៊ូ ច័ន្ទរ័ត្ន ក៏មានការបែកធ្លាយសំឡេង លោក ហាំង លាភ ប្រធានគណកម្មាធិការប្រតិបត្តិគណបក្សកែទម្រង់កម្ពុជា ដែលបានលេីកឡេីងថា ក្នុងកម្មវិធីអាហារសាមគ្គីជាមួយសម្ព័ន្ធកន្លងមកនេះ (សប្តាហ៍មុន) លោក ទាវ វណ្ណុល ប្រធានបក្សភ្លេីងទៀន បានស្នេីសុំដាក់ លោក សុក ហាច ជាបេក្ខភាពប្រធានសម្ព័ន្ធ តែត្រូវបាន លោក សុន ឆ័យ រិះគន់ភ្លាមៗថា ការស្នេីសុំនេះ ពុំគួរលេីកឡេីងឡេីយ ដោយប្រៀបថាអាហារសាមគ្គីមិនមែនសម្រាប់ការដោះដូរតំណែងប្រធាន។ ពិធីនោះក៏មានវត្តមានមេធាវី លោក ផែង ហេង និង លោក យ៉ែម បុញ្ញារិទ្ធិ តំណាងគណបក្សជាតិនិយម ចូលរួមផងដែរ។
តាមសំឡេងបែកធ្លាយ លោក ហាំង លាភ បានលេីកឡេីងថា ក្នុងគ្រុបលេខាធិការដ្ឋានសម្ព័ន្ធ បានប្រកែកគ្នាលេីបញ្ហា Logo ពុំមានទំហំស្មេីគ្នា (បក្សភ្លេីងទៀន និងបក្សឆន្ទៈ មានទំហំធំ ចំណែកឯបក្សកែទម្រង់កម្ពុជា និងបក្សប្រជាធិបតេយ្យមូលដ្ឋាន មានទំហំតូច)។ លោកក៏រិះគន់ដែរថា គណបក្សភ្លេីងទៀន ចង់គ្របដណ្ដប់សម្ព័ន្ធភាពទាំងមូល (លោក ទាវ វណ្ណុល ប្រធានបក្សភ្លេីងទៀនដដែល លោកសុន ឆ័យ អនុប្រធានបក្សភ្លេីងទៀនចាំផ្ទះ លោកហុង សុខហួរ ប្រធានបក្សឆន្ទ:ខ្មែរ លោក សុក ហាច ប្រធានសម្ព័ន្ធ)។
ចំណែក សំឡេងមួយទៀត ជាសំឡេងរបស់ លោក ប៉ុក លក្សរាសី ហេរញ្ញិកគណបក្សកែទម្រង់កម្ពុជា ដោយបានរិះគន់គណបក្សក្នុងសម្ព័ន្ធភាព ហាក់ខ្វល់ពីប្រយោជន៍ខ្លួន ជាងប្រយោជន៍ពលរដ្ឋ និងប្រយោជន៍ជាតិ។ លោកលេីកឡេីងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្មានទំនុកចិត្តលេីគណបក្សភ្លេីងទៀនឡេីយ ហេីយកាលពីអំឡុងខែវិច្ឆិកា គណបក្សប្រជាធិបតេយ្យមូលដ្ឋានយកលេសរវល់មិនចូលរួមប្រជុំសម្ព័ន្ធភាព៕
ខាងក្រោមនេះជាសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គម៖