(ភ្នំពេញ)៖ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ជាច្រើនរយនាក់នៅមណ្ឌលបាក់ទូក បានធ្វើដំណើរចាកចេញពីបន្ទប់ប្រឡងរៀងៗខ្លួន នៅម៉ោងប្រមាណជាជិត ១១៖០០ថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ខុសប្លែកពីឆ្នាំមុន សិស្សប្រឡងបាក់ឌុបនៅឆ្នាំនេះ បែរជាចាកចេញពីមណ្ឌលប្រឡង ដោយទឹកមុខញញឹមញញែមស្រស់ស្រាយស្ទើរគ្រប់គ្នា។ ភាគច្រើន នៃសិស្សប្រឡងបាក់ឌុប នៅមណ្ឌលបាក់ទូកខាងត្បូងទាំងសិស្សថ្នាក់ទី១២ និងសិស្សស្វ័យរិន បានប្រាប់ឲ្យដឹងថា វិញ្ញាសាប្រឡងនៅព្រឹកនេះ គឺពួកគាត់អាចធ្វើបានរហូតទៅ ដល់៨០ភាគរយ។
ដៃកាន់កាបូបដាក់ប៊ិច ដើរចេញពីបន្ទប់ប្រឡងជាមួយមិត្តភក្តិពីរទៅបីនាក់ យុវតី អ៊ុយ ម៉ាលី សិក្សានៅវិទ្យាល័យឥន្រ្ទាទេវី បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា វិញ្ញាសារប្រឡងនៅព្រឹកនេះ កញ្ញា អាចធ្វើបានរហូតទៅដល់៨០ភាគរយ។ កញ្ញាថា វិញ្ញាសានៅព្រឹកនេះ មិនងាយពេក ហើយក៏មិនពិបាកពេក គឺសិស្សអាចទទួលយកបាន។
កញ្ញា អ៊ុយ ម៉ាលី ថា «ខ្ញុំមានសង្ឃឹមលើការប្រឡងបាក់ឌុប រហូតទៅដល់ ៨០ភាគរយ។ ខ្ញុំប្រឡងព្រឹកមិញ គឺពឹងលើសមត្ថភាពផ្ទាល់ខ្លួន និងចំណេះដឹង ដែលខ្លួនមានសុទ្ធសាធ មិនបានលួចចម្លងអ្វីឡើយ»។
ងាកមកស្តាប់ការរៀបរាប់របស់យុវជនស្វ័យរិនវិញ ក៏បានបញ្ជាក់មិនសូវជាខុសគ្នាពីយុវនារី អ៊ុយ ម៉ាលីប៉ុន្មានដែរ។ យុវជនរូបនេះ បានអះអាងពេញៗមាត់ថា លោកអាចធ្វើវិញ្ញាសាប្រឡងនៅព្រឹកនេះបាន រហូតដល់ ៨០ភាគរយ បើទោះបីជារូបលោកជាសិស្សបំពេញវិជ្ជា ឬជាសិស្សស្វ័យរិនក៏ដោយ។
អ្នកគ្រូ ចាន់ សំបូរ ជាអនុរក្សត្រួតពិនិត្យអាគារប្រឡងនៅមណ្ឌលប្រឡងបាក់ទូកខាងត្បូង បានប្រាប់ឲ្យដឹងថានៅព្រឹកនេះ ស្ថានភាពប្រឡង គឺស្ងាត់ស្ងៀមល្អ។ សិស្ស ខិតខំប្រឹងប្រែង ប្រឡងដោយពឹងលើសមត្ថភាពខ្លួនឯង គ្មានការលួចចំលង ឬ យកឯកសារកំណែ ចូលក្នុងបន្ទប់ឡើយ។
យ៉ាងណាក៏ដោយ ភាគច្រើននៃសិស្សប្រឡងបាក់ឌុបនៅព្រឹកនេះ បានអះអាងស្ទើរតែដូចគ្នាថា គាំទ្រពេញទំហឹងចំពោះកំណែទម្រង់នៃការប្រឡងបាក់ឌុប ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកន្លងមក។
ជាការកត់សម្គាល់ នៅថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺស្ទើរគ្រប់មណ្ឌលហាក់មានសភាពស្ងប់ស្ងាត់ធម្មតា មិនមានភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយបានកើតឡើងឡើយ មានសិស្សមួយចំនួនតូច ខ្យល់គរ និងវិលមុខ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦។ បេក្ខជនសរុបមានចំនួន ៩៣,៧៥២នាក់ ស្រី៤៥,២៣៧នាក់ ចែកជា ១៥៧មណ្ឌល ស្មើនឹង ៣,៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕