(ភ្នំពេញ)៖ នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធាន ធម្មជាតិ នៅវិមានសន្តិភាព នាសាលាប្រជុំរំដួល វេលាម៉ោង៧៖៣០នាទីព្រឹករហូតដល់ម៉ោង១៣៖០៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
កម្មវិធីវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នេះគឺរៀបចំឡើងដោយក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់ បានចូលរួមក្នុងវេទិកានេះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ទទួលយកការធ្វើវេទិកាស្តីពី បរិស្ថាន និងធនធានធម្មជាតិ រវាងជំនួបរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធក្នុង១ឆ្នាំម្តង
* សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងពាក់ព័ន្ធនឹងធនធានធម្មជាតិចំនួន៦ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធនានារៀលរាល់៣ខែម្តង។ ក្រសួង៦នោះមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្ម និងក្រសួងធនធានទឹក។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា នឹងដាក់រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ ឲ្យចំណុះមន្ទីរកសិកម្មខេត្ត, ច្របាច់បញ្ចូលគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។ នៅក្នុងនោះព្រះតេជគុណ ប៊ុត ប៊ុនទិញ កម្ពុជាមិនទាន់ហួសពេល ក្នុងការការពារទប់ស្កាត់បទល្មើសព្រៃឈើនៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន ចាត់ឲ្យមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំចង្ហាន់សម្រាប់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ព្រោះវេទិកានៅពេលយូរទៀត ខ្លាចផុតម៉ោងឆាន់។
* សម្តេចតេជោ ហ៊ុន សែន៖ យើងមិនអាចគ្រាន់តែការពារព្រៃឈើ ហើយខ្វះខាតនូវការដាំដើមឈើនោះទេ។ ការដាំកូនឈើមិនមែនត្រឹមតែ១ថ្ងៃ ក្នុងទិវាដាំដើមឈើនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្នព្រៃឈើមាន៦លានហិចតា នៅថ្ងៃខាងមុខនេះសម្តេចនឹងមានផែនការដាក់ តំបន់ព្រៃឈើផ្សេងទៀតចូលជាតំបន់អភិរក្ស,
* សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យជ្រើសរើសអនុរក្សព្រៃឈើបន្ថែម៣០០នាក់ទៀត នៅឆ្នាំ២០១៧ ដើម្បីបង្កើនសកម្មភាពការពារព្រៃឈើ
* សម្តេចតេជោ ថា ជម្រើសល្អជាងគេ ដើម្បីការពារទល់ដែន ត្រូវធ្វើការអភិវឌ្ឍ ជាពិសេសការពង្រាយប្រជាពលរដ្ឋតែក៏មិនត្រូវយកទៅដាក់ចោលនោះដែរ មានន័យថា ត្រូវរកប្រភពទឹក និងអាចបង្កបង្កើនផលបាន។
* សម្តេចតេជោ ហ៊ុន សែន រំលឹកភាពឈឺចាប់ រឿងគេប្រមាថសម្តេចកិត្តិបណ្ឌិតថា ជាប្រពន្ធមេដឹកនាំវៀតណាម ឡេដឹកថ និងប្រមាថ លោក ហ៊ុន ម៉ាណែត ថាជាកូនរបស់ ឡេដឹកថ។ សម្តេចថា នេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។
* សម្ដេចទឹកភ្លែករលីងរលោង នៅពេលរលឹកដល់ការឈឺចាប់ រឿងការប្រមាថសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូនប្រុសរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន ព្រមតាមសំណើរបស់កញ្ញា ធី សុវណ្ណថា សាងសង់ផ្លូវ និងស្ពាន ប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ដោយផ្តល់ការទទួល ខុសត្រូវទៅឲ្យក្រសួងអភិវឌ្ឍន៍ជនបទ។
* សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ការសាងសង់ផ្លូវប្រយោជន៍បម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋនៅតំបន់នោះ មិនមែនបម្រើដល់ការ កាប់ឈើនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានជាថ្មីថា នឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ដែលបានប្រមាថ ធ្ងន់ធ្ងរដល់សម្តេច និងគ្រួសារសម្តេចទៀតនោះទេ។ សម្តេចថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។
* សម្តេចតេជោ ហ៊ុន សែន៖ បើបើកឱ្យមានឡឥដ្ឋ ឡក្បឿងកាន់តែច្រើន នោះនឹងប្រើអុសកាន់តែច្រើន ហើយកាប់ឈើកាន់តែច្រើនដែរ។ នេះហើយជាការចូល រួមចំណែកធ្វើឱ្យអន្តរាយព្រៃឈើ។
* សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសឱ្យសហរដ្ឋអាមេរិកថា ជាអ្នកធ្វើឱ្យកម្ពុជារងគ្រោះច្រើនណាស់។
* សម្តេចតេជោ ហ៊ុន សែន៖ ត្រីនៅកម្ពុជាបច្ចុប្បន្នមិនអាចចិញ្ចឹមប្រជាពលរដ្ឋជាង១៥លាននាក់បានទេ ត្រូវតែខិតខំចិញ្ចឹម និងអភិរក្សបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន ថា មិនមែនជាការងារស្រួលឡើយ ការអង្គុយលើតំណែងជានាយករដ្ឋមន្រ្តី ដែលជាកន្លែងមួយមានមនុស្សចង់បានច្រើន។
* សម្តេចតេជោ ហ៊ុន សែន៖ Blackmonday កុំសូវពេក ! ប្រទេសអ៉ីរ៉ាក់ ស៊ីរី មើលចុះ តើបានអ្វីមកវិញ។ ពេលនេះគ្មានអ្វីក្រៅពីស្ថានភាពតានតឹងឡើយ។
* សម្តេចតេជោ ហ៊ុន សែន៖ អត់មានការប្រគល់ដីសម្បទានដីសេដ្ឋកិច្ចឲ្យតទៅទៀតទេ បន្តការខិតខំផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងពីនយោបាយប្រជាភិថុតរបស់គណបក្សប្រឆាំង ដែលទៅឃោសនាបោកកសិករ និង អាជីវករ។ សម្តេចថា អ្នកនយោបាយ ទាំងនោះបានសន្យាចំពោះកសិករថា នឹងធ្វើឱ្យស្រូវឡើងថ្លៃពេលពួកគេបានធ្វើជានាយករដ្ឋមន្រ្តី ហើយបែរជាសន្យាជាមួយអាជីវករ ដែលជាអ្នកទិញអង្ករថា នឹងធ្វើឱ្យអង្ករចុះថោកទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្តីសហការជាមួយនឹងប្រទេសជិតខាង ធ្វើយ៉ាងណាកុំឱ្យពួកគេទិញឈើខុសច្បាប់ពីឈ្មួញខិលខូចនៅកម្ពុជា។ សម្តេចថា កិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសនេះកម្ពុជាក៏បានធ្វើជាមួយវៀតណាម និងឡាវផងដែរ ប៉ុន្តែមិនទាន់បានធ្វើជាមួយថៃ។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱកាសឱ្យ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សាកល្បងរៀបចំផ្តល់ដី និងសម្ភារៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែល ប្រកបរបរចាប់សត្វព្រៃ និងកាប់ឈើ ដើម្បីឱ្យពួកគាត់ផ្លាស់ប្តូរមុខរបរមករកការងារស្របច្បាប់ឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្តីសហការជាមួយនឹងប្រទេសជិតខាង ធ្វើយ៉ាងណាកុំឱ្យពួកគេទិញឈើខុសច្បាប់ពីឈ្មួញខិលខូចនៅកម្ពុជា។ សម្តេចថា កិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសនេះកម្ពុជាក៏បានធ្វើជាមួយវៀតណាម និងឡាវផងដែរ ប៉ុន្តែមិនទាន់បានធ្វើជាមួយថៃ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាននានា សហការជាមួយប្រជាសហគមន៍ ព្រះសង្ឃ និងអ្នកការពារធនធានធម្មជាតិ ជៀសវាង រារាំងដល់ពួកគេ ចំពោះសកម្មភាពដែលរួមចំណែក ការពារធនធានធម្មជាតិកម្ពុជា។ សម្តេចតេជោថា ការរារាំងបែបនេះ បានធ្វើឱ្យខាតប្រយោជន៍ជាតិ ហើយចំណេញដល់ឈ្មួញខិលខូច។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធយកអនុសាសន៍នានា នៅក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាពនាពេលនេះ ទៅពិភាក្សា និងដោះស្រាយជូនប្រជាពលរដ្ឋ។
* ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព បានបិទបញ្ចប់នៅម៉ោង១៖០៥នាទី រសៀលថ្ងៃទី២២ ខែសីហានេះ ហើយកំណត់ឱ្យបង្កើតវេទិកាបែបនេះ នៅមុនចូលឆ្នាំខ្មែរ ឆ្នាំក្រោយ៕