(សៀមរាប)៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។

ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានសម្តែងចំណាប់អារម្មណ៍ចំពោះពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ ជាពិសេសសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិរបស់យើង។

លោក ឡុង កុសល បានបន្តថា ការដែលយើងរំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជនរបស់យើង គឺជាការគោរពខ្លួនយើងផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្រ្តរបស់យើងដែរ។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានសេចក្តីសោមនស្ស និងមានភាពកក់ក្តៅដែលសិស្សានុសិស្សចំនួន១២៥០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រានៃពិធីបុណ្យរំលឹកគុណអង្គរ។ នេះជារូបភាពមួយយ៉ាងសំខាន់ដែលយើងបានប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជាការបណ្តុះនូវគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមកទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទ និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ជាពិសេសសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ។ ការដែលយើងរំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការី ដែលបានខិតខំបូជាឈាមស្រស់សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែក៏សម្តែងនូវការគោរពអរគុណចំពោះសន្តិភាព ដែលនាំមកបានដល់ប្រជាជាតិខ្មែរ ដោយសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋ ដែលជាស្ថាបនិកនយោបាយឈ្នះៗ នាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕