(វ៉ាស៊ីនតោន)៖ តាមការស្ទង់មតិរបស់ Gallup បានបង្ហាញពីលទ្ធផលដ៏គួរឲ្យព្រួយបារម្ភសម្រាប់បេក្ខជន ប្រធានាធិបតីលោក Donald Trump ដោយសារតែសមាជិក ក្នុងគណបក្សសាធារណរដ្ឋរបស់លោក ជាងពាក់កណ្តាល បានបង្ហាញការមិនពេញចិត្តខ្លាំងចំពោះ ការជ្រើសរើសលោក Trump ទៅប្រកួតយកតំណែង ប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងការស្ទង់មតិពីថ្ងៃទី១៥ ដល់១៦ ខែសីហា កន្លងទៅនេះបានបង្ហាញថា សមាជិកគណបក្សសាធារណរដ្ឋ ៥២ភាគរយ មិនពេញចិត្តចំពោះបេក្ខភាពលោក Donald Trump ខណៈ ៤៦ភាគរយទៀតគាំទ្រ និង ២ភាគរយ មិនបានបញ្ចេញមតិ។ វាហាក់ផ្ទុយទៅនឹងលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយក្នុងគណបក្សប្រជាធិតេយ្យគឺសមាជិក ៥២ភាគរយពេញចិត្តបេក្ខភាពរបស់លោកស្រី ខណៈ៤២ភាគរយទៀតពេញចិត្តអ្នកផ្សេង។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាតើការធ្វើការស្ទាបស្ទង់មតិក្នុងបក្សនេះ នឹងមានឥទ្ធិពលសម្រាប់សំឡេងឆ្នោត ពីប្រជាពលរដ្ឋដែរ ឬក៏អត់នោះទេ ប៉ុន្តែបើសារព័ត៌មានអន្តរជាតិនានា នៅលើសកលលោក គឺធ្លាប់បានបង្ហាញជាច្រើន រួចមកហើយពីការមិនពេញខ្លាំងពី សំណាក់មន្ត្រីកំពូលៗឬសូម្បីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃបណ្តាប្រទេស សម្ព័ន្ធមិត្តអាមេរិក ចំពោះលោក Trump ដោយសារតែការថ្លែងសារនយោបាយរបស់លោកកន្លងមកមានន័យថា នឹងអាចបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សម្ព័ន្ធមិត្តនានា ប្រសិនបើលោកក្លាយជាប្រធានាធិបតី។
ជាក់ស្តែងកាលពីអំឡុងពេលដែលលោក មិនទាន់ត្រូវបានតែងតាំងជាបេក្ខជនតែមួយគត់របស់បក្សសាធារណរដ្ឋនោះ លោក ធ្លាប់បង្ហាញពីនយោបាយថ្មីរបស់លោក ចំពោះប្រទេសកូរ៉េខាងជើង ដោយថាប្រសិនបើលោកជាប់ឆ្នោត លោកចង់ អង្គុយតុពិភាក្សាគ្នាជាមួយលោក គីម ជុងអ៊ុន ជាដើម ហើយដែលកាលណោះពាក្យរិះគន់ទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ទុះឡើង ជាពិសេសពីសំណាក់ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តអាមេរិកតែម្តង៕