(ស្វាយរៀង)៖ អតីតសិស្សវិទ្យាល័យរមាសហែក មិត្តល្អឆ្នាំ២០០០នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៣ ចុះជួបសំណេះសំណាលជាមួយលោកគ្រួអ្នកគ្រូ ប្អូនៗក្មួយៗសិស្សានុសិស្សនិងចែកសម្ភារសិក្សា រួមមាន​ សៀវភៅប៊ិច ខ្មៅដៃនៅសាលាបឋមសិក្សាត្រស់ចំនួន​ ៧៨នាក់​ និងសាលាបឋមសិក្សាតាសួស និងមតេយ្យសហគមន៍សរុបចំនួន ៤៨៣នាក់ ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក គង់ ហួន អតីតសិស្សវិទ្យាល័យរមាសហែកឆ្នាំ២០០០បានថ្លែងថា អរគុណសន្តិភាព ថ្ងៃនេះក្រុមការងារអតីតសិស្សវិទ្យាល័យរមាសហែកបាក់ឌុបឆ្នាំ២០០០ បានផ្សារភ្ជាប់នៅក្តីស្រឡាញ់ ជាមួយសិស្សានុសិស្សបានរួមគ្នានាំនូវសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាត្រស់ និងសាលាបឋមសិក្សាតាសួស ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក។

ជាមួយគ្នានេះលោក គង់ ហួន ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដើម្បីឲ្យក្លាយខ្លួនជាសិស្សពូកែដើម្បីជាទំពាំងស្នងឬស្សី ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះនិងជំនាញពិតប្រាកដ បន្តវេនកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំផ្ដល់ឈ្លាសវៃរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ។

លោកក៏បានបន្ថែមថា ការចែករំលែកជាសម្ភារសិក្សា ដល់សិស្សានុសិស្ស នាពេលនេះ គឺមិនមែនជាលើកទី១នោះទេហើយក៏មិនសំដៅទៅលើភូមិ ឃុំ ស្រុករបស់ខ្លួននោះដែរ ឱ្យតែនៅតំបន់ណា មានការខ្វះខាតគឺត្រូវតែចូលរួមចែករំលែកទាំងអស់ ម្យ៉ាងទៀតក៏ដើម្បីរំលឹកអំពីអតីតធ្លាប់សិក្សាកាលឆ្នាំ២០០០ដែលសិស្សានុសិស្សមួយចំនួនមានជីវភាពខ្វះខាតហើយតស៊ូរឿងសូត្ររហូតមានការងារធ្វើគ្រប់ៗគ្នាផងដែរ។

បន្ទាប់មក លោក គង់ ហួន និងក្រុមការងារក៏បានចុះដល់ផ្ទះ សិស្សក្រីក្រកំព្រាមួយគ្រួសារ ដែលរស់នៅភូមិខ្ពបត្រាច ស្ថិតក្នុងឃុំត្រស់ស្រុករមាសហែក ដោយបានឧបត្ថមកង់មួយគ្រឿង និងសម្ភារសិក្សាមួយចំនួនផងដែរ៕