(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចផ្តន្ទាទោស អ្នកស្រី ទេព វន្នី និង អ្នកស្រី ប៊ូវ សោភា ដែលជាសកម្មជនបឹងកក់ និងក៏ជាសកម្មជន Black Monday ក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគារ៦ថ្ងៃ និងពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល ពីបទប្រមាថតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកចៅក្រម ពេជ្រ វិជ្ជាធរ សម្រេចកែប្រែបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មកជាបទប្រមាថវិញ ដោយសកម្មជនបឹងកក់ទាំង២នាក់ ត្រូវជាប់គុក៦ថ្ងៃ និងពិន័យ៨ម៉ឺនរៀល។
ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែត្រូវបានកែប្រែមកជាបទប្រមាថវិញ។
ទោះបីយ៉ាងណា អ្នកស្រី ទេព វន្នី កំពុងជាប់សំណុំរឿងមួយករណីទៀត ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមចំណាត់ការរបស់លោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់២នាក់ អ្នកស្រី ទេព វន្នី និង ប៊ូវ សោភា ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។ យុទ្ធនាការអាវខ្មៅរបស់ សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុក ជាមនុស្សដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក។ ពួកគេបានយករូបត្លុកទាំងនេះ ទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ៕