(ភ្នំពេញ)៖ រដ្ឋាភិបាលតួកគី តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន បានស្នើដោយផ្ទាល់មកកាន់រាជរដ្ឋាភិបាលកម្ពុជាឲ្យបិទសាលាហ្សាម៉ាន់ (Zaman) នៅក្នុងប្រទេសកម្ពុជា ដោយបានចោទប្រកាន់ថា ថ្នាក់ដឹកនាំសាលាមួយនេះជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគីកាលពីខែកន្លងទៅ។
សំណើបានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អនុ ញាតិឲ្យលោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា លោក Ilhan Kemal Tug បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបិទសាលាមួយនេះ។ តែលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយរង់ចាំយកការងារនេះទៅពិភាក្សាជាមួយមន្រ្តី និងក្រសួងពាក់ព័ន្ធជាមុនសិន។
សាលាហ្សាម៉ាន់ គឺជាសាលាឯកជននៅមួយនៅកម្ពុជា ដែលមានថ្នាក់ដឹកនាំជាជនជាតិតួកគី។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបញ្ជាក់ថា សាលាហ្សាម៉ាន់ គឺជាសាលាដែលបានធ្វើការបណ្តុះ បណ្តាលល្អមួយនៅក្នុងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំសាលាហ្សាម៉ាន់ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ខ្លួនមិនជាប់ពាក់ព័ន្ធនិងអំពើធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគីនោះឡើយ។
សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅនេះកងកម្លាំងយោធាមួយក្រុមបានធ្វើរដ្ឋប្រហារក្នុងបំណងទម្លាក់លោកប្រធានាធិបតី Erdogan តែការរដ្ឋប្រហារនេះបានទទួលបរាជ័យទៅវិញ ដោយការវាយប្រហារតប និងទប់ស្កាត់ពីកងកម្លាំងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលតួកគី បានចោទប្រកាន់មេចលនាសាសនា លោក Fethullah Gulen ដែលកំពុងរស់នៅអាមេរិកថាជាអ្នកនៅពីក្រោយខ្នង នៃរដ្ឋ ប្រហារ។
មានកងកម្លាំងយោធា និងគ្រូបង្រៀនជាច្រើននាក់នៅក្នុងប្រទេសតួកគី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ថា ពួកគេ ជាប់ពាក់ព័ន្ធនិងការធ្វើការរដ្ឋប្រហារ៕