(ភ្នំពេញ)៖ កម្មករ-កម្មការិនី ប្រមាណ៣០០នាក់ បានប្រមូលផ្ដុំគ្នា នៅមុខវត្តបទុមវតី ផ្លូវស៊ូស្រ៊ុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីដាក់ញ្ញត្តិស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ Great Owner ឱ្យចេញមកដោះស្រាយប្រាក់អតីតភាព និងប្រាក់ខែជូនពួកគាត់ជាកម្មករ និយោជិត។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កម្មករ-កម្មការីនីនៃរោងចក្រ ហ្គ្រេតអនណឺរ ខាងលើនេះ ដឹកនាំដោយ លោក ណយ រដ្ឋា បានធ្វើដំណើរមកពីភូមិចំនួន៤ ក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានគ្នាប្រមាណ៣០០នាក់ តំណាងឱ្យកម្មករ និយោជិតក្នុងរោងចក្រចំនួន៩៨២នាក់។
គោលបំណងនៃការតវ៉ានេះដែរ គឺដើម្បីដាក់ញត្តិជូន សម្តេចតេជោ នាយករដ្ឋមនន្រ្តី ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ចេញមកដោះស្រាយប្រាក់អតីតភាព ដែលអ្នកខ្លះធ្វើការបាន៨ឆ្នាំ ខ្លះបាន១៨ឆ្នាំ ព្រមទាំងសុំឱ្យថៅកែរោងចក្រ ទូទាត់ប្រាក់ខែចំនួន២ខែ ដែលនៅមិនទាន់បើកឱ្យកម្មករ នៅឡើយ។ ជាមួយគ្នានេះ តំណាងខុន្ទកាល័យ និងលោកអភិបាលខណ្ឌដូនពេញ គួច ចំរើន បានចេញមកទទួលញត្តិផងដែរ៕