(ភ្នំពេញ)៖ ចាប់តាំងពីការីករាលដាលនៃជំងឺកូវីដ១៩ បន្តមកដោយវិបត្តិសង្គ្រាម បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ។ សម្រាប់នៅកម្ពុជាវិញ វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យទេសចរណ៍ អចលនទ្រព្យ និងវិស័យមួយចំនួនទៀតបានធ្លាក់ចុះយ៉ាងខ្លាំង តែគេសង្កេតឃើញវិស័យធនាគារនៅកម្ពុជា ហាក់មានភាពរឹងមាំ និងអាចជួយរុញច្រានសេដ្ឋកិច្ចផងដែរ។

តែយ៉ាងណាមិញ ការអូសបន្លាយនៃវិបត្តិសេដ្ឋកិច្ចសកលប្រមាណ ៣ឆ្នាំមកនេះ បានធ្វើឱ្យពលរដ្ឋកម្ពុជា ជួបកាន់តែជួបការលំបាក និងការធ្លាក់ចុះនូវចំណូល។ បញ្ហាទាំងនេះហើយ បណ្តាលឱ្យលទ្ធភាពនៃការសងត្រឡប់ប្រចាំខែរបស់ប្រជាពលរដ្ឋជាប់កម្ចីទៅកាន់ធនាគារ កាន់តែលំបាក បើមិនមានដំណោះស្រាយទេនោះ អាចនឹងបណ្តាលវិស័យធនាគារធ្លាក់ចូល ក្នុងវិបត្តិដូចវិស័យផ្សេងក៏អាចថាបាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា បើទោះបីជាបញ្ហាវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋខ្វះលទ្ធភាពសងត្រឡប់ទៅធនាគារវិញក៏ដោយ ប៉ុន្តែអ្នកជាប់បំណុលមិនអាចមិនសងទៅធនាគារវិញបានទេ ព្រោះធនាគារត្រូវការប្រាក់ចំណេញ ដើម្បីធ្វើឱ្យខ្លួនមាននិរន្តភាពក្នុងអាជីវកម្ម និងត្រូវបង់ការប្រាក់ទៅដល់អ្នកដាក់បញ្ញើ និងទៅកាន់ប្រភពទុនពីក្រៅប្រទេស។

លោកមានប្រសាសន៍ថា ការរួមចំណែកដោះស្រាយទាំងអស់គ្នា គឺជាយុទ្ធសាស្រ្តដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យវិស័យធនាគារបន្តភាពរឹងមាំ និងរក្សាបាននូវលំនឹងអាជីវកម្ម។

លោកបានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋជួបបញ្ហាហើយបាត់បង់ចំណូលទាំងស្រុង ត្រូវតែរាយការណ៍ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយចំពោះគ្រឹះស្ថានធនាគារវិញ គួរតែជូនដំណឹងទៅភ្នាក់ងាររបស់ខ្លួនឱ្យបានយល់ ប្រសិនបើក្នុងលក្ខខណ្ឌ ដែលប្រជាពលរដ្ឋគ្មានលទ្ធភាពសងពិតប្រាកដ ត្រូវមានរបាយការណ៍ជូនទៅធនាគារជាតិ និងរកវិធីដោះស្រាយ បើមិនដូច្នេះទេ ប្រជាពលរដ្ឋដែលជាប់បំណុលទាំងនោះ នឹងងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

លោកបន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិ ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីបញ្ហានេះ ដើម្បីពន្យារ ឬផ្អាកការបង់មួយរយៈសិន ឬរដ្ឋាភិបាលត្រូវជួយទំនុកបំរុងបង្កើតមុខរបរ បង្កើតការងារ ឱ្យពួកគាត់មានការងារធ្វើ។

រីឯអ្នកដែលបានបាត់បង់ការងារ ឬមុខរបរវិញ អាចមកចូលរៀនជំនាញវិជ្ជាជីវៈ ដែលរាជរដ្ឋាលបាននឹងកំពុងដាក់ចេញយុទ្ធសាស្រ្ត ផ្តល់ការបណ្តុះបណ្តាលដល់កម្លាំងជំនាញ១លានសែននាក់។ នៅពេលដែលប្រជាពលរដ្ឋមានលទ្ធផលរកការងារបាន រកចំណូលបាន នោះពួកគាត់នឹងមានលទ្ធភាពសងបំណុលត្រឡប់វិញ។

ជាមួយគ្នានេះ សម្រាប់អ្នកដែលបាត់បង់ចំណូលខ្លះ គួរស្នើសុំធ្វើឥណទានឡើងវិញ ដើម្បីជួយកាត់បន្ថយចំនួនប្រាក់បង់សងប្រចាំខែ ទៅដល់ធនាគារវិញ។

លោកបានពន្យល់ថា ការធ្វើឥណទានឡើងវិញ គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយពលរដ្ឋដែលរងផលប៉ះពាល់ ជួយកាត់បន្ថយភាពក្រីក្រី ព្រមទាំងការស្តារស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងនេះក្តី ការសម្របសម្រួលរបស់រដ្ឋាភិបាល ទៅលើការរៀបចំឥណទានឡើងវិញនេះ គឺសំខាន់ណាស់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនោះ និងកុំឱ្យវិស័យធានាគារចូលទៅក្នុងវិបត្តិ៕