(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រលប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ព្រឹត្តិការណ៍កម្រិតខ្ពស់នេះនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត។

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

សេចក្តីប្រកាសនេះ មាន៣០មាត្រា ដោយបានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សដោយមិនប្រកាន់សញ្ជាត ភេទ ជាតិសាសន៍ ក្រុមជាតិពន្ធុ ពណ៌សម្បុរ សាសនា ភាសា ឬ ឋានៈអ្វីឡើយ។

មហាសន្និបាតប្រកាសថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និងប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេចដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួនជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះតាមរយៈការបង្រៀន និងការអប់រំហើយ និងខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ និងការអនុវត្តជាសកល និងដោយសក្កិសិទ្ធិនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដី ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ៕