(ភ្នំពេញ)៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនៅឆ្នាំ២០១៦នេះ ត្រូវបានវាយតម្លៃថា ល្អប្រសើរជាងឆ្នាំកន្លងទៅ ល្អប្រសើរដោយសារបេក្ខជនប្រឡងទាំងអស់ បានយល់ច្បាស់ពីវិធានការកំណែទម្រង់របស់ក្រសួងអប់រំ ក្នុងការរឹតបន្តឹងពេលប្រឡង គេមិនឃើញមានបេក្ខជនស្ពាយសំណៅឯកសារ ឬហៅថាប្រ៊ីយ៉ុង ក៏ដូចជាឧបករណ៍ហាមឃាត់ផ្សេងៗទៀត តាមខ្លួនដូចឆ្នាំមុនៗទៀតឡើយ ពោលពួកគេមានតែប៊ិច និងបន្ទាត់តែប៉ុណ្ណោះ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលអញ្ជើញទៅកាត់វិញ្ញាសាប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះ ស៊ីសុវត្ថិនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានស្ថានភាពល្អប្រសើរជាងមុន។ ល្អប្រសើរ ដោយសារតែសិស្សានុសិស្ស មានទំនុកចិត្តលើខ្លួនឯង និងមានការត្រៀមខ្លួនជាមុន។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «ការប្រឡងបាក់ឌុបឆ្នាំទី៣នេះ មានការប្រែប្រួលល្អជាងមុន។ កាលពីឆ្នាំទី១ ខ្ញុំសង្កេតឃើញថា សិស្ស មានការយកសំណៅឯកសារចូលមកច្រើន ចំណែកឆ្នាំទី២ មានការកាត់បន្ថយការយកសំណាកឯកសារ ហើយឆ្នាំទី៣នេះ អត់មានការនាំចូលតែម្តង។ ខ្ញុំសង្កេតឃើញថា សិស្សមានការត្រៀមលក្ខណៈល្អប្រសើរជាងមុន ហើយមានទំនុកចិត្តលើខ្លួនឯង»។
លោក ហង់ ជួណារ៉ុន បានហៅថាវិធានការរឹតបន្តឹងការប្រឡងនេះ មិនមែនជាការធ្វើបាបសិស្សនោះឡើយ តែជាការជួយពង្រឹងសមត្ថភាពសិស្សឲ្យកាន់តែល្អប្រសើរ។ «ការរឹតបន្តឹងការប្រឡងនេះ មិនមែនក្រសួងចង់ធ្វើបាបពួកគេនោះទេ តែវាជាការពង្រឹងជួយ សិស្សឡើងវិញ ឲ្យពួកគេមានសមត្ថភាពពិតប្រាកដ ក្នុងការអប់រំ»។
ក្រុមអ្នកសង្កេតការណ៍លើការប្រឡង ក៏បានមើលឃើញដូចលោករដ្ឋមន្រ្តីក្រសួងអប់រំផងដែរថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានភាព ល្អប្រសើរ ពោលសិស្សលែងយកសំណៅឯកសារមកតាមខ្លួនដូចបណ្តាឆ្នាំកន្លងទៅទៀតហើយ ហើយក៏មិនបានបង្កបាតុភាពណាមួយ នាំឲ្យប៉ះពាល់ដល់បរិយាការ នៃការប្រឡងនោះឡើយ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា សិស្សចូលរួមប្រឡងនៅឆ្នាំនេះ មិនបានយករបស់របរ ដែលជាការហាមឃាត់ចូលក្នុងមណ្ឌលប្រឡងឡើយ។ លោកកត់សំគាល់ឃើញថា សិស្សចូលរួមប្រឡងនៅឆ្នាំនេះ មានការផ្លាស់ប្តូរឥរិយាបថ និងមានការត្រៀមខ្លួនរួចរាល់មុនថ្ងៃប្រឡង។
លោក ហ៊ុន ម៉ានី សម្តែងការគាំទ្រខ្លាំងលើពាក្យស្លោករបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកឡើងជាញឹកញាប់ប្រាប់ ដល់សិស្សានុសិស្សនោះគឺ «ចេះគឺជាប់»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦។ បេក្ខជនសរុបមានចំនួន៩៣,៧៥២នាក់ ស្រី៤៥,២៣៧នាក់ ចែកជា ១៥៧មណ្ឌល ស្មើនឹង ៣,៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
គួរបញ្ជាក់ថា ឆ្នាំ២០១៦នេះ គឺជាឆ្នាំទី៣ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់លើវិស័យអប់រំ និងការប្រឡងបាក់ឌុប។ ទោះបីជាការប្រឡងស្ថិតក្រោមការធ្វើកំណែទម្រង់ ដោយរឹតបន្តឹងខ្លាំងយ៉ាងណាក្តី តែកំណែទម្រង់នេះ ទទួលបានការគាំទ្រខ្លាំងពីបណ្តាសិស្សានុសិស្ស អាណាព្យាបាលសិស្ស និងមហាជនទូទៅផងដែរ។
ពីរឆ្នាំកន្លងមកនេះ ចំនួនសិស្សដែលជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា មានត្រឹមប្រមាណ ៥០ភាគរយប៉ុណ្ណោះ នៃចំនួនសិស្សប្រឡងសរុប។ មានការរំពឹងថា នៅឆ្នាំ២០១៦នេះ នឹងមានសិស្សទទួលបានជោគជ័យច្រើន ព្រោះសិស្សៗ បានប្រឹងប្រែងលើការរៀនសូត្រជាងមុន ដោយមានការយកចិត្តទុកដាក់បំប៉នបន្ថែមពីខាងក្រសួងអប់រំផងនោះ៕