(កោះកុង)៖ សហគមន៍ទេសចរណ៍ធម្មជាតិឃុំភ្ញីមាស ស្រុកគីរីសាគរ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីសម្ពោធក្នុងសហគមន៍ដើម្បីឲ្យមានការដំណើរការ ក្នុងការលើកស្ទួយផ្នែកវិស័យទេចរណ៍ និងកាត់បន្ថយជីវភាពក្រីក្រ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ការដាក់សម្ពោធឲ្យដំណើរការក្នុងសហគមន៍ទេសចរណ៍ធម្មជាតិឃីភេញីមាស ដោយមានការចូលរួមពីលោក ជា ប៊ុនធឿន អភិបាលរងស្រុកគីរីសាគរ, លោក លី វិត្ថាវណ្ណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង​ និងលោក លី វណ្ណា ប្រធានសហគមន៍ទេសចរណ៍ឃុំភ្ញីមាស ព្រមទាំងមានការចូលរួមពីសមាជិសមាជិកាសហគមន៍ និងប្រជាពលរដ្ឋជាច្រើនរូប។

លោក លី វណ្ណា បានលើកឡើងថា លោកបានខិតខំប្រឹងប្រែងចងក្រងប្រមូលផ្ដុំសមាជិកសមាជិការបស់សហគមន៍ ដែលបានចូលរួមជាមួយគ្នា ក្នុងការរៀបចំសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកទស្សនាតាមដងព្រែកធម្មជាតិ និងរៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សហគមន៍បានចូលជារួមថវិកាបដិភាគបង្កើតបានផែចំណតទូកទេសចរណ៍ កន្លែងបង្គងសម្រាប់ជួសជុលទូក បង្គន់អនាម័យ និងកន្លែងចំណតឡានតូចធំ ដែលជាសមិទ្ធិផលក្នុងការរួបរួមសាមគ្គីគ្នាទាំងស្មារតីទាំង កម្លាំងកាយកម្លាំងចិត្ត និងថវិការបស់បងប្អូន រហូតចេញជារូបរាង ជាផ្លែផ្កាដល់ដំណើរការរបស់សហគមន៍ទេសចរធម្មជាតិឃុំភ្ញីមាស និងបន្តធ្វើបន្ថែមទៀត។

លោកនៅពេលនេះ សហគមន៍មិនទាន់មាន គ្រប់សេវាកម្មបំរើជូនភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននោះ តែទៅថ្ងៃអនាគត លោកនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីលើសស្ទួយផ្នែកវិស័យទេសចរណ៍ ដើម្បីចូលរួមកាត់បន្ថយជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីអេកូទេសចរណ៍ធម្មជាតិនៅក្នុងឃុំភ្ញៀវមាស និងដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ក្នុងសហគមន៍មានសមាជិកចំនួន២៩រូប មានទូកសម្រាប់ជូនភ្ញៀវទេសចរណ៍ដំណើរកម្សាន្តតាមដងព្រែក ឆ្នេរ ចំនួន១៩ទូក ហើយឆ្នេរស្អាតវែង មានអំពិលអំពែកព្រៃកោងកាង នៅតាមដងព្រែករាប់រយគីឡូម៉ែត្រ។

លោក លី វិត្ថាវណ្ណ អនុប្រធានមន្ទីរទេសចរខេត្តកោះកុង បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្តកោះកុង និងលោកផ្ទាល់ដែលបានអញ្ជើញចូលរួមកម្មវិធីនៅពេលនេះ លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយសហគមន៍ទេសចរធម្មជាតិភ្ញីមាស ត្រូវបានបង្កើតឡើង ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ និងកាត់បន្ថយជីវភាពគ្រួសារក្រីក្រក្នុងមូលដ្ឋាន ឱ្យពួកគាត់មានការងារធ្វើបានប្រាក់ចំណូលដើម្បីជីវភាពគ្រួសារ។

លោកបានបន្តថា ពិធីសម្ពោធស្នាក់ការសហគមន៍ទេសចរធម្មជាតិឃុំភ្ញីមាស ក្នុងគោលបំណងរៀបចំឲ្យមានសេវាកម្មទេសចរក្នុងតំបន់សហគមន៍ប្រកបដោយស្តង់ដារគុណភាព និងមានសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងការគ្រប់គ្រងទៅតាមផ្នែកនីមួយៗ។

ម្ចាស់អាជីវកម្មបានចូលរួមប្រមូលផ្ដុំគ្នា ចងក្រងជាសហគមន៍ទេសចរណ៍ មានទំនាក់ទំនងគ្នារវាងវិស័យឯកជន ក្រុមហ៊ុនការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ មគ្គទេសក៏ទេសទេសចរណ៍ ប្រតិបត្តិការទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន រហូតទៅដល់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ដែលជាប្រព័ន្ធចលករមួយ សម្រាប់ជួយពង្រឹងវិស័យទេសចរណ៍ និងជាចំណូលសេដ្ឋកិច្ចរបស់ជាតិ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

លោក ជា ប៊ុន ធឿន អភិបាលរងស្រុកគីរីសាគរ បានថ្លែងថា ក្នុងនាមអាជ្ញាធរស្រុក សូមគាំទ្រ និងលើកទឹកចិត្តដល់លោកលោកស្រីជាគណៈកម្មការសមាគមសហគមន៍ និងបងប្អូនជាម្ចាស់អាជីវកម្ម។ សេវាកម្មទាំងអស់ដែលបានអញ្ជើញមកចូលរួមថ្ងៃសម្ពោធទីស្នាក់ការនេះ លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបងប្អូនបានរួបរួមគ្នាទាំងស្មារតីសម្ភារ និងថវិកាចូលរួមគ្នាជាបដិភាគ។

លោកថា ការអភិវឌ្ឍន៍សហគមន៍ឲ្យក្លាយជាតំបន់ទាក់ទាញទេសចរណ៍ មានការទទួលបដិសណ្ឋារកិច្ច និងមានកន្លែងលក់ដូរ និងទទួលការផ្គត់ផ្គង់ការស្នាក់នៅដែលជាតម្រូវការចាំបាច់របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកអភិបាលរងស្រុកបានបន្តថា ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធឲ្យមានសោភ័ណ្ឌតាមអាហារដ្ឋាន និងរម្មណីដ្ឋាន, សូមបងប្អូនម្ចាស់អាជីវកម្ម ទាំងភ្ញៀវជាតិ អន្តរជាតិ ជួយថែរក្សាអនាម័យបរិស្ថាន ដើម្បីលើកស្ទួយផ្នែកវិស័យទេចរណ៍ ឲ្យមានការទាក់ទាញ និងមានកំណើនកាន់តែខ្ពស់ឡើង៕