(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលី នឹងធ្វើការបោះឆ្នោត ប្រជាមតិនៅខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីសម្រេចថាតើ ត្រូវអនុញ្ញាតឲ្យមនុស្សភេទដូចគ្នា រៀបការដោយស្របច្បាប់ដែរ ឬក៏អត់ ខណៈដែលអ្នកជំនាញច្បាប់ក្នុងប្រទេស បានចេញមុនព្រមានថា វាជារឿងដែលប្រថុយប្រថាន និងបង្កគ្រោះថ្នាក់ដល់ សង្គមអូស្ត្រាលីទាំងមូល។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
លោក Michael Kirby អតីតមន្ត្រីជាន់ខ្ពស់ក្នុងតុលាការកំពូល អូស្ត្រាលីពីឆ្នាំ ១៩៩៦ ដល់ ២០០៩ បានបង្ហាញចេញ នូវក្តីព្រួយបារម្ភនាថ្ងៃចន្ទនេះ ដោយអះអាងថា «វាជាគ្រោះថ្នាក់ ចំពោះការយកការទាមទារ របស់ប្រជាជនមួយក្តាប់តូច រួចក៏ឈានទៅរកការអនុញ្ញាតឲ្យ មានអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយស្របច្បាប់នៅអូស្ត្រាលីទាំងមូល»។ លោក បានអំពាវនាវឲ្យសមាជិករដ្ឋសភា ទាំងអស់របស់អូស្ត្រាលី ធ្វើការគិតគូឡើងវិញ ប្រកបដោយភាពលម្អិត និងវែងឆ្ងាយ ពីព្រោះថា វាទាក់ទងនឹងអនាគតរបស់ប្រទេសជាតិ ហើយនេះជាកតព្វកិច្ច របស់តំណាងរាស្ត្រជាប់ឆ្នោតនីមួយៗ។
យ៉ាងណាក៏ដោយ ការសម្រេចខាងលើនេះ គឺជាការពន្យាពេលមួយ តំណាក់កាលទៀតរបស់រដ្ឋាភិបាល របស់នាយក រដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ដោយកាលពីការបោះឆ្នោតខែមុននេះ លោក បានសន្យាថានឹងរៀបចំការ បោះឆ្នោតសម្រេចច្បាប់អនុញ្ញាត ការរៀបការភេទដូចគ្នានេះនៅឆ្នាំ ២០១៦ ប៉ុន្តែពេលនេះ វាត្រូវបានសម្រេចឲ្យធ្វើ ឡើងនៅឆ្នាំ២០១៧ ទៅវិញ។ ការបោះឆ្នោតនឹងត្រូវចូល ដោយពលរដ្ឋអូស្ត្រាលីទាំងអស់ នៅទូទាំងប្រទេស៕