(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ នីតិវិធីស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា និងឱសថខុសច្បាប់ រយៈពេល០៣ថ្ងៃ (០៦-០៨ ខែធ្នូ ឆ្នាំ២០២៣) ដើម្បីពង្រឹងសមត្ថភាពជំនាញដល់នាយនគរបាលជាតិ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីជំនាញក្នុងផែននគរបាលប្រឆាំងបទល្មើស រាជធានីខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន១១៥នាក់ នៅខេត្តសៀមរាប។

ក្នុងពិធីបិទវគ្គនៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានថ្លែងថា បច្ចុប្បន្ននេះការលួចនាំចូលទំទិញខុសច្បាប់មកកម្ពុជា គឺនៅតែមាន ដោយពួកគេបានប្រើប្រាស់មធ្យោបាយគ្រប់រូបភាព។

លោកបានជំរុញឲ្យមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំអស់ ត្រូវរួមគ្នាទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ឲ្យបានកាន់តែមានប្រសិទ្ធភាព ដូចជាការនាំចូល ទំនិញគេចពន្ធ ទំនិញខូចគុណភាព ជាពិសេសប្រភេទអាហារ ខូចគុណភាព ពីព្រោះ ទិញទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេស ជាពិសេសបានធ្វើប៉ះពាល់ យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

ជាមួយគ្នានេះ ឱសថអត់ច្បាប់ ក៏ជាមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់បង្រ្កាប ដោយត្រូវសហការជាមួយមន្រ្តីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យការបង្រ្កាបមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ចាន វ៉ាន់ធឿន បានបន្តថា បទល្មើសទាំងនេះ ដំបូងឡើយគឺជនខិលខូចបានធ្វើសកម្មភាពលួចនាំចូលតាមព្រំដែន ដូចនេះមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងអស់ នៅតាមបណ្តាខេត្តតាម ព្រំដែនត្រូវបង្កើនការ យកចិត្តទុកដាក់បង្ក្រាបឲ្យបានខ្លាំងខ្លាបន្ថែមទៀត។ ដោយកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ បែងចែកប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តន៍ផែនការឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ត្រូវលើកកម្ពស់សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទ ល្មើសសេដ្ឋកិច្ច ឲ្យដល់ឫសគល់។ លើកកម្ពស់ភាពម្ចាស់ការក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប ជាពិសេសបទល្មើសរត់ពន្ធ គេចពន្ធ ដែលនាំឲ្យបាត់បង់ចំណូលថវិកាជាតិ ឱសថខូច គុណភាព ឬគ្មានច្បាប់អនុញ្ញាត និងចំណីអាហារខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។ បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យបានសកម្មផុលផុស៕