(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោក គាំ សុខុម នាយកសាខាមន្រ្តីសាខា នាំយកអំណោយរបស់លោក គៀង គ្លឹង ជាសប្បុរសជនដែលឧបត្ថម្ភ តាមរយៈសាខាចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៣៧គ្រួសារ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់។

ពិធីនេះមានការអញ្ជើញចូលពីសំណាក់លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់, លោក គៀង គ្លឹង ជាសប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ។

ក្នុងឱកាសនោះ​ លោកស្រី វាល់ ច័ន្ទវលក្ខណ៍ បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ នាយកសាខាក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ហើយសូមបងប្អូនមើលនៅជុំវិញផ្ទះ ចូលរួមកំចាត់ជម្រកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដូចជា៖ សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗឱ្យបានស្អាត។

អំណោយដែលសប្បុរសជនដែលឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស កន្ទេល១ ទឹកត្រី ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕