(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំយ៉ាងធំគឺ «ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៣» ដែលមានមាតាបិតា អាណា ព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សប្រមាណជាង ៣,០០០នាក់ចូលរួម។

ការរៀបចំកម្មវិធីនេះដើម្បីរួមចំណែកក្នុងការកសាង ទំនាក់ទំនងល្អរវាងមាតាបិតា អាណាព្យាបាលសិស្ស និងសាលារៀន ព្រឹត្តិការណ៍ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣នេះ ត្រូវប្រារព្ធឡើងក្រោមប្រធានបទ «សាមគ្គីជាគ្រឹះនៃសុខដុមនីយកម្មសង្គម»

នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំឱ្យមានសកម្មភាពកម្សាន្ដជាច្រើនដូចជា៖ ការប្រកួតបង្ហាញទេពកោសល្យគ្រួសារ ការសម្ដែងសិល្បៈ ការរាំ និងច្រៀងលេងកម្សាន្ដ ការប្រគំតន្ត្រីជាក្រុម និងការថតរូបជុំគ្រួសារជាដើម ដើម្បីផ្ដល់ឱកាសដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទទួលបានភាពសប្បាយរីករាយរួមគ្នា។ លើសពីសកម្មភាពសប្បាយរីករាយទាំងនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានផ្ដួចផ្ដើមកម្មវិធីមនុស្សធម៌ ដើម្បីកៀរគរ ថវិកាមួយចំនួនជួយគាំទ្រដល់បេសកកម្មអង្គការលំនៅឋានមនុស្សជាតិកម្ពុជាផងដែរ។

ក្នុងនាមជាស្ថាប័នអប់រំមួយដែលមានការប្ដេជ្ញាចិត្តខ្ពស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែ យកចិត្តទុកដាក់ជាចម្បង លើការកសាងទំនាក់ទំនងល្អក្នុងស្មារតីសាមគ្គីភាព ជាមួយនឹងមាតាបិតា អាណាព្យាបាលសិស្ស និងសមាជិកគ្រប់រូបក្នុងសហគមន៍សាលាទាំងមូល។

ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣ នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ បានបញ្ចប់ដោយជោគជ័យប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីជាមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំរបស់សាលាទាំងអស់ដែលបានចូលរួមធ្វើឱ្យទិវាគ្រួសារនៅឆ្នាំនេះប្រព្រឹត្តទៅដោយជោគជ័យជាទីមោទនៈ៕