(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ តំណាងក្រុមគ្រួសារសព បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយបង្កើត គឺព្រឹទ្ធមហាឧបាសិកា មុន សៀម។

តាមរយៈសារថ្លែងអំណរគុណ, នាយឧត្តមសេនីយ៍ ណុប រតនា បានថ្លែងថា៖ «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សាររំលែកទុក្ខចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកា មុន សៀម ដែលត្រូវជាម្ដាយបង្កើតរបស់ខ្ញុំបាទ នាថៃ្ងព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣ និង៣៣នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩០ឆ្នាំដោយជរាពាធ។

ខ្ញុំបាទសូមគោរពសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យសព ព្រឹទ្ធមហាឧបាសិកា មុន សៀម ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

សារលិខិតរំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមាចិត្តដ៏ប្រពៃខ្ពង់ខ្ពស់ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឡើយ។

ខ្ញុំបាទសូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំបាទ»