(អង់ការ៉ា)៖ ពិភពលោកទាំងមូល បានថ្លែងសារថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែក នៅក្នុងពិធីរៀបការមួយ នៅភាគខាងត្បូងប្រទេសតួកគី ដែលបានបណ្តាលឲ្យមនុស្ស ៥០នាក់ស្លាប់ និង ១០០នាក់រងរបួស ខណៈប៉ូលិស តួកគីបានបញ្ជាក់ថា អ្នកបំផ្ទុះគ្រាប់បែកនោះ គឺជាក្មេងប្រុសអាយុចន្លោះពី ១២-១៤ឆ្នាំ ដែលត្រូវបានបញ្ជាពីក្រោយ ខ្នងដោយក្រុមរដ្ឋអ៊ីស្លាម ISIS។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយ បានប្រព្រឹត្តទៅក្នុងខេត្ត Gaziantep ភាគខាងត្បូងប្រទេសតួកគី នៅយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ ប៉ុន្តែអំឡុងពេលដែលភ្ញៀវចូលរួមមកពីគ្រប់ទិសទី ជាពិសេសក្រុមគ្រួសារគូស្វាមីភរិយាថ្មី ដែលបាន ធ្វើដំណើរមកពីភាគខាងកើតប្រទេសកំពុងតែរីករាយរួមគ្នានោះ គ្រាប់បែកក៏ត្រូវបានបំផ្ទុះឡើងតែម្តង ដែលជាការ វាយប្រហារដោយគ្រាប់បែកអត្តឃាត ដ៏ធំបំផុតចាប់តាំងពីរដ្ឋប្រហារបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា នៅតួកគី។
សហរដ្ឋអាមេរិក, អង្គការសហប្រជាជាតិ, និង បណ្តាប្រទេសនៅអឺរ៉ុប ជាដើម បានចេញមុខថ្កោលទោសចំពោះ អំពើភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើមបំផុតនេះ ជាពិសេសគឺការប្រើប្រាស់ក្មេងមិនទាន់ គ្រប់អាយុឲ្យបង្កការវាយប្រហារ អត្តឃាត ដែលជាទង្វើដ៏ជួរជាតិបំផុតសម្រាប់សតវត្សរ៍ទី២១ នេះ។ សហរដ្ឋអាមេរិក និងអន្តរជាតិបានបង្ហាញជំហរ គាំទ្រចំពោះតួកគី និងសន្យាបំពេញការងារជាមួយរដ្ឋាភិបាលប្រទេសនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕