(សៀមរាប)៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដល់ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិ សហភាពសហពន្ធ័យុវជនកម្ពុជាស្រុកក្រឡាញ់ ចំនួន១១១នាក់ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងនៅ ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និងអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដែលគោលបំណងកម្មវិធី (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និងរាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ)។

លោក ប៉ាន់ សារ៉េត ប្រធានស្តីទីក្រុមប្រឹក្សាស្រុកស្រុកក្រឡាញ់ បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការិយាល័យប្រជាពលរដ្ឋ ដើមី្បជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត រដ្ឋបាលស្រុកសម្រាប់ទទួល និងសម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ម៉្យាងទៀត អំពីការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទ បានបង្កលក្ខណៈងាយស្រួល (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និងរាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ)។

លោក ឡុង រដ្ឋារក្ស ប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និងសម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ខេត្ត។

លោកបានបន្តថា តួនាទី ភារកិច្ចរបស់ការិយាល័យ គឺទទួល និងប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំងឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និងតាមដានដោះស្រាយ ដើមី្បជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង និងត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកក៏បានធ្វើការបង្ហាត់បង្ហាញដល់សិក្ខាកាម អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬក៏ភាពមិនពេញចិត្តនិងមិនស្របតាមតម្រូវការលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានល័ក្ខការជាសម្ងាត់ជូនទៀតផងដែរ៕