(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលរង ខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំង ជាអភិបាលខេត្តព្រះវិហារជាផ្លូវការជំនួស លោក អ៊ុំ ម៉ារ៉ា ដែលត្រូវផ្លាស់មកបំពេញការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលខេត្តព្រះវិហារនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី២២ ខែសីហាដដែល លោក អ៊ុន ចាន់ដា ដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ក៏នឹងត្រូវប្រកាសតែងតាំងជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជំនួសលោក អ៊ុំ ម៉ារ៉ា ផងដែរ ដែលពិធីនេះរៀបចំឡើង ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា៕