(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានជំរុញដល់ថ្នាក់ដឹកនាំ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការសម្របសម្រួលកែតម្រូវ និងអភិវឌ្ឍន៍បន្ថែមនៅចំណុចខ្វះខាត តាមអង្គភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការថ្លែងបែបនេះរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ការពង្រឹងគុណភាពផ្តល់សេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងថ្នាក់មណ្ឌលសុខភាព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាល លោកប្រធាន ប្រធានស្តីទីការិយាល័យទាំង៤ ចំណុះឲ្យមន្ទីរ លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ផងដែរ។

បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត បាននាំនូវអនុសាសន៍១១ចំណុច របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដោយ ជូនដល់ថ្នាក់ដឹកនាំអង្គភាព និងមន្ដ្រីសុខាភិបាលទាំងអស់រួមមាន៖

*ទី១៖ ពង្រឹងការងារបដិសណ្ឋារកិច្ចផ្តល់សេវា
*ទី២៖ ពង្រឹងការស្លៀកពាក់ឯកសណ្ឋានមន្រ្តីរាជការ និងបុគ្គលិក
*ទី៣៖ ការរៀបរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចតាមអង្គភាព
*ទី៤៖ ពង្រឹងការគ្រប់គ្របវត្តមានមន្រ្តីរាជការ បុគ្គលិក
*ទី៥៖ ពង្រឹងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មាន
*ទី៦៖ ពង្រឹងការអនុវត្តបច្ចេកទេសតាមសៀវភៅណែនាំផ្សេងៗ
*ទី៧៖ ពង្រឹងការផ្តល់សេវា ២៤/២៤ម៉ោង
*ទី៨៖ ការរៀបចំគ្រែអ្នកជំងឺឲ្យបានសមរម្យ
*ទី៩៖ ពង្រឹងការចុះអភិបាលកិច្ចអង្គភាពផ្តល់សេវា
*ទី១០៖ ពង្រឹងការគ្រប់គ្រងឱសថ
*ទី១១៖ បង្កើត Group Telegram កម្រិតថ្នាក់ដឹកនាំសុខាភិបាលខេត្ត៕