(ព្រះសីហនុ)៖ អគារសិក្សា សាលារៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ចាវ ហៃយៀន (Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន។

លោក ចាវ ហៃយៀន (Zhao Hai Yan) បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានផ្តល់ការអប់រំភាសាចិននៅកម្ពុជា មានភាពរីកចម្រើន និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន និងភាសាខ្មែរ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងទំនាក់ទំនងចំណងមិត្តភាពរវាងចិន-កម្ពុជា។ ក្នុងរយៈពេលជិត៣០ឆ្នាំ ក្រោយពីបង្កើតសាលារៀនកាងហួរ លោកគ្រូ អ្នកគ្រូបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស ការអភិវឌ្ឍខ្លួនគួរឲ្យកត់សម្គាល់ផងដែរ។

លោកបន្តថា ប្រទេសចិន-កម្ពុជា គឺជាអ្នកជិតខាងដែលមានចំណងមិត្តភាព ប្រវត្តិប្រពៃ ណីយូរអង្វែង។ ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំនៃមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ការខិតខំអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជា ឲ្យមានគុណភាពកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងថា សាលារៀនខ្មែរ-ចិន កាងហួរ បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

លោកបន្តថា សាលារៀនខ្មែរ-ចិន កាងហួរ បានបង្កើតឡើងឆ្នាំ១៩៦៣ ផ្អាកដំណើរការអស់ជាច្រើនឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៧០ និងដំណើរការឡើងវិញនៅឆ្នាំ១៩៩៥ សាលាផ្ដល់សេវាកម្មអប់រំសម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្ត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ហើយមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕