(ភ្នំពេញ)៖ តារាចម្រៀងពោរពេញដោយរឿងរ៉ាវ មិនចេះចប់មិនចេះហើយ អ្នកនាង ពេជ្រ សោភា បានក្លាយជាអ្នកតំណាងឲ្យផលិតផល Oppo Smart Phone ជំនាន់ថ្មី នៅកម្ពុជា បន្ទាប់ពីការងារ អាជីពជាតារាចម្រៀងរបស់នាង ទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជានាងបានឆ្លងកាត់នូវព្យុះភ្លៀងរឿងរ៉ាវ ជាច្រើនមកក្ដី។
ក្រុមហ៊ុន Oppo smart Phone បានប្រកាសចេញលក់ជាផ្លូវការ នូវផលិតផលទូរស័ព្ទ ជំនាន់ថ្មី Fs1 ហើយក៏បានប្រកាសថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា តារាល្បីរបស់ផលិតកម្ម ហង្សមាស ជាអ្នកតំណាងផលិតផល នៅប្រទេសកម្ពុជា កាលពីពេលថ្មីនេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។
លោក សឿ រឹទ្ធីយ៉ា ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន Oppo Smart Phone បាននិយាយថា លោកមានសេចក្ដីរីករាយបំផុត នៅពេលផលិតផល Oppo Smart Phone មានវត្តមានលើទីផ្សារកម្ពុជា ពិសេសទូស័ព្ទ Fs1 នេះមានមុខងារពិសេស គឺការថតរូបច្បាស់ជាមួយកាំមេរ៉ាមុខ ១៦ មេហ្គាភិចសែល ដែលលោកអ្នកនឹងកាន់តែស្រស់ស្អាត ពេលប្រើប្រាស់កាមេរ៉ានេះ ដើម្បីថតរូប និងអង្គចងចាំ ៣២ជី។
លោកបន្តថា ក្រុមហ៊ុននេះបានបង្កើតឡើង នៅឆ្នាំ២០០៣ នៅប្រទេសចិន ហើយក៏បានវិវត្តន៍ខ្លួន ក្លាយជាក្រុមហ៊ុនទូរស័ព្ទ ដែលចែកចាយជាច្រើនប្រទេស លើសាកលលោក ដែលមានដូចជាប្រទេសចិន កូរ៉េ ថៃ នឹងវៀតណាម ភូមា ក្រៅពីនេះ ក៏មានប្រទេសកម្ពុជាយើងផងដែរ។
តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានថ្លែងមកកាន់ក្រុមអ្នកគាំទ្រ និងបណ្ដាអ្នកសារព័ត៌មានថា នាងមានសេចក្ដីរំភើបឥតឧបមា នៅពេលបានក្លាយជាអ្នកតំណាងផលិតផល ទូរស័ព្ទជំនាន់ថ្មីនេះ។ ក្រៅពីដំណើរការដ៏ល្អ ទូរស័ព្ទសំណប់ចិត្តរបស់នាងនេះ មានតំលៃត្រឹមតែ ២៦៩ដុល្លារតែប៉ុណ្ណោះ ដែលនឹងដាក់ចរាចរណ៍ លើទីផ្សារក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦សីហាខាងមុខនេះហើយ។
អ្នកនាង ពេជ្រ សោភា មានជំនឿចិត្តថា នឹងធ្វើឲ្យក្រុមហ៊ុនទូរស័ព្ទដៃមួយនេះ ជោគជ័យ ដូចអាជីពសិល្បៈអ្នកនាងបច្ចុប្បន្ននេះដែរ។ ក្រៅពីប្រកាសជាផ្លូវការ នៃការដំណើរការផលិតផលនេះ អ្នកនាង ពេជ្រ សោភា បានប្រកាសធ្វើកម្មវិធីសប្បុរសធម៌ដ៏ធំមួយនៅខែកញ្ញា ខាងមុខ ដើម្បីរកជំនួយជួយអ្នកក្រីក្រ អនាថា ដែលនាងបានសហការជាមួយក្រុមហ៊ុន ទូរស័ព្ទដៃ នេះផ្ទាល់តែម្ដង៕