(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៅសាលប្រជុំរាជធានីភ្នំពេញ (ជាន់G) ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន-នាយការិយាល័យ អនុប្រធាន-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីទាំងអស់ចំណុះនាយកដ្ឋានរដ្ឋបាល សរុប។

ឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ក្នុងការបំពេញតួនាទី ភារកិច្ចជូនអង្គភាពបានល្អប្រសើរនាពេលកន្លងមក។

ឧត្តមសេនីយ៍ត្រី ប្រធានអង្គប្រជុំមានប្រសាសន៍បន្តថា នាយកដ្ឋានរដ្ឋបាលសរុប មានតួនាទីយ៉ាងសំខាន់ជាសេនាធិការជូន អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការងាររដ្ឋបាល ការងារហិរញ្ញវត្ថុ និងកាងារបុគ្គលិក ព្រមទាំងកិច្ចប្រតិបត្តិការផ្សេងៗទៀត ដែលមានភាពមមាញឹកខ្លាំង ហើយមន្ត្រីមួយចំនួនក្នុងនាយកដ្ឋានរដ្ឋបាល សរុប ក៏បានចូលរួមធ្វើសវនកម្មផ្ទៃក្នុងផងដែរ។ ដូចនេះ នាយកដ្ឋានរដ្ឋបាល សរុប ជាឆ្អឹងដ៏សំខាន់ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ ដោយសារតែបែបនេះហើយ ក្នុងនាមគ្រួសារនាយកដ្ឋានរដ្ឋបាល សរុប ដែលមានការិយាល័យជំនាញចំណុះត្រូវអនុវត្ត តួនាទី ភារកិច្ច ឱ្យមានភាពប្រទាក់ក្រឡាគ្នា ជួយបំពេញបន្ថែមឱ្យគ្នា ទើបយើងទទួលបានជោគជ័យទាំងពេលនេះ និងពេលអនាគត។

ឧត្តមសេនីយ៍ត្រី ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យប្រធាន-នាយការិយាល័យចំណុះទាំង០៦ ធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសនោះដែលឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋាន បានណែនាំលើការងារចំនួន០៤ចំណុចរួមមាន ១. អំពីឯកសណ្ឋាន និងវិន័យ ២.ការអភិវឌ្ឍសមត្ថភាព ៣. ការរៀបចំគ្រូបង្គោល ៤.ផ្សែងៗ អំពីការខ្ចីកម្លាំង។

ឧត្តមសេនីយ៍ត្រី ប្រធានអង្គប្រជុំ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាងអស់មានកិច្ចសហការល្អ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រេចបាននូវគោលបំណង និងគោលដៅ ក្នុងនាមជាសេនាធិការរបស់នាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងសូមជូនពរលោក លោកស្រី មានសុខភាព សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕