(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសទទួលជួបសវនាការនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបរិច្ចាគអង្ករវីតាមីន ចំនួន២០០កេស សម្រាប់ប្រតិបត្តិការមនុស្សធម៌ ក្នុងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងប្រទេស។

លោកស្រីអគ្គលេខាធិការឱ្យដឹងថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាទាំងអស់ តែងតែធ្វើការកៀងគរ រកជំនួយពីសប្បុសជននានា ក្នុងឱកាសទិវា៨ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។

លោកស្រីបញ្ជាក់ថាការកៀងគររកជំនួយនេះដែរ បើសាខាណាមិនមានលទ្ឋភាពគ្រប់គ្រាន់ និងផ្តល់ជំនួយ ទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាទេ ថ្នាក់កណ្តាលនិងយកទៅបំពេញបន្ថែម ហើយអំណោយទាំងអស់និងយក ទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ ថ្នាក់កណ្តាលបានផ្តោតទៅលើប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដូចជានៅខេត្តពោធិសាត់ បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលសាខានៅបណ្តាខេត្តទាំងនោះ មានធនធានខ្លះ និងមានការគាំទ្រពីថ្នាក់កណ្តាលបន្ថែម។

លោកស្រីគូសបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។

លោកស្រី ទុយ សិរីរតនះ នេត្រ ភក្ត្រា ភិរយារដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រីមានការពេញចិត្ត គោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែជួយទៅដល់ប្រជាពលរដ្ឋ មានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។

លោកស្រីសង្ឃឹមថា អង្ករវីតាមីនទាំងនេះ នឹងទៅដល់ដៃប្រជាពលរដ្ឋងាយគ្រោះ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយលោកស្រីនិងបន្តជួយដល់ សាខាកាក បាទក្រហមកម្ពុជា ដើម្បីផ្តល់អង្ករវីតាមីននេះបន្ថែមទៀត។

ដូច្នេះដើម្បីជាការរួមចំនែកជាមួយ និងការងារសប្បុរសធម៌ដ៏ធំមួយនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាននិងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការចែករំលែកក្តីស្រឡាញ់ ទៅដល់ប្រជាពលរដ្ឋទីទាល់ក្រ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាបន្តបន្ទាប់៕