(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាម្តាយ បង្កើតរបស់ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ។

តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងថា៖ «ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយទទួលដំណឹងអំពីមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាម្តាយ បង្កើតរបស់ឯកឧត្តម នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣:៣៣នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ដែលជាអ្នកមានគុណដ៏វិសេសវិសាល ប្រកបទៅដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ហើយ ក៏ជាការបាត់បង់ពុទ្ធសាសនិកដ៏ឆ្នើមដែលជាគំរូល្អមួយរូប។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកា មុន សៀម សីល ចរណវិសុទ្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។

សូមឯកឧត្តម ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»

ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ៖