(ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រទុទិយភូមិ (បាក់ឌុប) សម្រាប់ប្អូនសិស្សថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦នេះ កំពុងតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទនោះ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត កុដិលេខ២៤ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមប្រឡងជាប់បាក់ឌុបមានពិន្ទុខ្ពស់ជាង់គេ ក្នុងខេត្តស្វាយរៀង ដោយសិស្សម្នាក់ៗទទួលបាននូវកំព្យូទ័រ Laptop ចំនួន១គ្រឿង ដើម្បីជាការលើកទឹកចិត្ត។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានមានសង្ឃដីកា ប្រាប់ Fresh News ឲ្យដឹងថា «កាលពីពេលកន្លងទៅ អាត្មាភាពធ្លាប់បានសន្យាម្ដងរួចមកហើយ ក្នុងការផ្ដល់ រង្វាន់កុំព្យូទ័រ Laptopថ្មី ចំនួន១០គ្រឿង ដល់សិស្សជាប់បាក់ឌុប ដែលចូលរួមប្រលងថ្ងៃទី២២ -២៣ សីហា ២០១៦នេះ ទទួលបានពិន្ទុច្រើនជាងគេ ក្នុងខេត្ត​ស្វាយរៀង ប៉ុន្តែនៅថ្ងៃនេះ ដោយមានសុទ្ធាជ្រះថ្លាពីញាតិញោម​ជាបន្តបន្ទាប់ អាត្មភាពសូមជូន៥គ្រឿង​បន្ថែមទៀត!»

ព្រះតេជគុណ ដែលតែងតែលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ ចាស់ជរា និងកុមារកំព្រាអង្គ​នេះ មានសង្ឃដីកាបន្តទៀតថា «ការសម្រេចផ្ដល់រង្វាន់កុំព្យូទ័រ ចំនួន១៥គ្រឿង ដូចបានរៀបរាប់ខាងលើ ក៏ព្រោះតែអាត្មាភាព គឺជាអ្នកមានដើមកំណើតមក ពីខេត្តស្វាយរៀងដូចគ្នា ដោយចង់ចូលលើកទឹកចិត្ត​ដល់ប្អូនៗ ក្មួយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ ក្រុមគ្រួសារក៏ដូចជាប្រទេសជាតិ ឲ្យមានការរីកចម្រើន !»

សូមបញ្ជាក់កុំព្យូទ័រ Laptop ថ្មីទាំង១៥ គ្រឿងនេះ សម្រាប់តែអ្នកដែលទទួលបាន ពិន្ទុច្រើនជាងគេ ក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ ដោយមិនគិតពីនិទ្ទេសឡើយ ហើយក្នុងម្នាក់ទទួលបាន១គ្រឿង។

ក្រោយពីប្រកាសលទ្ធផល​ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត នឹងឲ្យក្រុមការងារ ទាក់ទងទៅប្រធានមន្ទីរអប់រំ​ខេត្តស្វាយរៀង ឬសិស្សដែលដឹងថា ខ្លួន​បានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុង ចំណោម​១៥ នាក់ អាចទាក់ទងមក​កុដិលេខ២៤ វត្តនាគវ័ន្ត រាជធានីភ្នំពេញ ដោយផ្ទាល់ក៏បាន៕