(ភ្នំពេញ)៖ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងដល់អភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស និងអ្នកជាប់ពន្ធទាំងអស់ អំពីកាលបរិច្ឆេទ ដែលមានសុពលភាពអនុវត្តលើលិខិតស្នាម ឬលិខិតជូនដំណឹងផ្សេងៗ របស់រដ្ឋបាលសារពើពន្ធ។

តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖

* កាលបរិច្ឆេទដែលបានកំណត់នៅក្នុងលិខិត ត្រូវមានសុពលភាពអនុវត្តចាប់ពីកាលបរិច្ឆេទ នៃការប្រគល់លិខិត
* កាលបរិច្ឆេទនៃការប្រគល់លិខិត គឺជាកាលបរិច្ឆេទដែលបុគ្គលបានទទួលលិខិត ឬកាលបរិច្ឆេទ នៃការបោះត្រាលើ លិខិតអនុសិដ្ឋរបស់ការិយាល័យប្រៃសណីយ៍ ក្នុងករណីលិខិតត្រូវបានផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋទៅ អាសយដ្ឋានតាមផ្លូវច្បាប់របស់អ្នកជាប់ពន្ធ។

សម្រាប់គោលដៅនៃការជូនដំណឹងខាងលើ អាសយដ្ឋានរបស់អ្នកជាប់ពន្ធសំដៅដល់អាសយដ្ឋានចុងក្រោយដែល អ្នកជាប់ពន្ធបានផ្ដល់ឲ្យរដ្ឋបាលសារពើពន្ធ។

គួរជម្រាបថា ការសម្រេចបែបនេះ ដោយអនុលោមតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា នាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕